សិល្បៈជាតិ៖ ផ្អែកលើការបង្ហោះរបស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ នាពេលថ្មីៗនេះបានឱ្យដឹងថា លោក និងហ្វេនអ្នកគាំទ្រ នាំគ្នាធ្វើបុណ្យចែកទាន និងចែកសម្ភារៈសិក្សាដល់សិស្សជាង ២០០ នាក់ នៅវត្តនិងសាលារៀនបឋមសិក្សាស្រែអំពិល ដែលកម្មវិធីនេះក៏ជាឱកាសបង្ហាញពីការរឹតចំណងសាមគ្គីភាព និងក្ដីស្រឡាញ់របស់ហ្វេនដែលមានចំពោះលោកអស់រយៈពេល ១៣ ឆ្នាំហើយ។

តាមការរៀបរាប់នៅលើបណ្ដាញសង្គមផ្លូវការរបស់លោក ឆន សុវណ្ណរាជ ក៏បានឱ្យដឹងបន្ថែមថា សម្ភារៈដែលត្រូវចែកជូនសិស្សានុសិស្សរួមមាន សៀវភៅ ប៉ិច ខ្មៅដៃ ខ្មៅដៃពណ៌ ឆ័ត្រចំនួន ២៥០ដើម អាវភ្លៀងចំនួន៣០០ សាប៊ូដុសខ្លួនរាជស្គីនឃែរ ចំនួន ១០០០ដុំ និងនំ Cup Cake ចំនួន ២០០នំ។ ក្នុងនោះក៏មានការប្រគេនទេយ្យទានជូនព្រះសង្ឃចំនួន៣០អង្គ ចែកទាននឹងរៀបចំអាហារថ្ងៃត្រង់ជូនដល់ចាស់ៗចំនួន១៥០នាក់មានសារុង១សាប៊ូពីរដុំនឹងឆ័ត្រធំ១ ព្រមទាំងចែកសម្ភារៈសិក្សានឹងអាវភ្លៀង រួមទាំងចំអាហារថ្ងៃត្រង់នឹងCup Cake ដល់សិស្សចំនួន ២០០នាក់។











តាមការឱ្យដឹងបន្ថែមទៀតថា កម្មវិធីខាងលើនេះធ្វើឡើងនៅ វត្ត និងសាលារៀនបឋមសិក្សាស្រែអំពិល ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលត្រូវបានផ្ដួចផ្ដើមដោយក្រុមហ្វេនអ្នកគាំទ្ររបស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ មានឈ្មោះថា Reach Family បានបង្កើតឡើងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
សូមជម្រាបថា លោក ឆន សុវណ្ណរាជ គឺជាកំពូលតារាចម្រៀងជួរមុខម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាសពោរពេញសមត្ថភាព ដែលក្ដោបបានតំណែងជាគ្រូបង្វឹក និងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោកដូចជា The Voice Cambodia ទាំង ៣ រដូវកាល, Cambodia Idols ទាំង៤ រដូវកាល, The Voice Kids ១រដូវកាល និកម្មវិធី Beat The Best ១ រដូវកាល៕





