សិល្បៈ​ជាតិ​៖​ ការ​បាត់​មុខ​ រំដួល​លិច​ទឹក​ ពី​សង្គម​សិល្បៈ​អស់​រយៈ​ពេល​ជា​យូរ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កើត​ចិត្ត​ព្រួយ​​បារម្ភ​ខ្លាច​អ្នក​សិល្បៈ​ច្នៃ​ម៉ូដ​រូប​នេះ​មាន​គំនិត​គិត​ខ្លី​ ស្រប​ពេល​ដែល​សាមី​ខ្លួន​ផ្ទាល់​រមែង​បង្ហោះ​សារ​ប្លែក​ៗ​ដែល​ស្ដែង​ឱ្យ​ដឹង​ថា​ខ្លួន​កំពុង​ជួប​រឿង​វិបត្តិ​ផ្លូវ​ចិត្ត​ជា​ខ្លាំង​។​

ជាក់​ស្ដែង​ ផ្អែក​តាម​ការ​បង្ហោះ​របស់​ រំដួល​លិច​ទឹក​ នា​ពេល​ថ្មី​ៗ​នេះ​ថា​ ៖​ «​ការ​ដែល​មិន​ផុស​ មិន​បង្ហាញ​ មិន​រាយរាប់​ ពី​ទុក្ខ​លំបាក​ ភាព​វេទនា​ និង​ការ​ឈឺចាប់​ ហើយ​បង្ហាញ​តែ​រូបភាព​សប្បាយ​ៗ​ និង​គ្មាន​ទុក្ខ​កង្វល់​ មិនមែន​បង្ហាញ​ថា​ខ្ញុំ​ Fake​ ខ្ញុំ​សម្តែង​ ឬ ​High​ show​ ទាំង​ដែល​កំពុង​តែ​លំបាក​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ថា ​បើ​ទោះ​និយាយ​ ឬ​ប្រាប់​នរណា​ ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ​ជួន​កាល​គេ​ដឹង​គេ​មិន​ត្រឹម​តែ​មិន​អាណិត​ ឬ​លើក​ទឹក​ចិត្ត​យើង​ទេ​ តែ​គេ​មាន​តែ​លួច​សើច​ចម្អក​ រិះគន់​ ពេប​ជ្រាយ​ មើល​បំណាំ​ ឬ​មើល​ងាយ​យើង​ទៅ​វិញ​ទេ​ ! លំបាក​ខ្លាំង​វា​ស្ទះ​ វា​ណែន​ហើយ​ តែ​ក៏​មិន​ដឹង​ប្រាប់​ឬ​និយាយ​មាន​តែ​ពាក្យ​ថា​ទ្រាំ​លាក់​ទុក​តែ​ម្នាក់​ឯង​ តែ​អរគុណ​បងប្អូន​និង​មិត្តភិក្ត​ដែល​ផ្តល់​កំលាំង​ចិត្ត​លើក​ទឹក​ចិត្ត​ខ្ញុំ​រហូត​មក​!​»​។​

ឃើញ​ការ​បង្ហោះ​របស់​ រំដួល​លិច​ទឹក​ យ៉ាង​ដូច្នោះ​ហើយ​ មហាជន​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​បណ្ដញ​សង្គម​ជា​ច្រើន​នាក់​ បាន​បង្ហាញ​អារម្មណ៍​ព្រួយ​បារម្ភ​ចំពោះ​លោក​ ហើយ​បាន​ប្រាប់​ឱ្យ​លោក​ធ្វើ​ចិត្ត​ឱ្យ​រឹង​មាំ​ អត់​ទ្រាំ​ចំពោះ​បញ្ហា​ប្រឈម​គ្រប់​បែប​យ៉ាង​។​

យ៉ាង​ណា​មិញ​ ប្រាប់​មក​កាន់​អ្នក​សារព័ត៌មាន​ត្រយង​ រំដួល​លិច​ទឹក​ បាន​និយាយ​ថា​ មួយ​រយៈ​នេះ​ហាក់​មិន​សូវ​បាន​ចេញ​មុខ​តាម​កម្មវិធី​សិល្បៈ​នានា​នោះ​ទេ​ នោះ​ក៏​ដោយសារ​តែ​ខ្លួន​ពិបាក​ចិត្ត​ផង​ និង​មាន​សម្ពាធ​បញ្ហា​គ្រួសារ​។ ​រំដួល​លិច​ទឹក​បន្ត​ថា​ សព្វ​ថ្ងៃ​នេះ​មាន​អ្នក​សិល្បៈ​ទាក់ទង​មក​គ្រប់​គ្នា​ឱ្យ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ ប៉ុន្តែ​លោក​មិន​អាច​ចូល​រួម​បាន​ទេ​ ព្រោះ​តែ​មាន​ម្ដាយ​កំពុង​តែ​ឈឺ​ ជា​បន្ទុក​សម្រាប់​លោក​ត្រូវ​មើល​ថែ។​ អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ម្ដាយ​របស់​លោក​មាន​ជំងឺ​ច្រើន​មុខ​ណាស់​ ថែម​ទាំង​មាន​អាការៈ​អាល្លែកហ្ស៊ី​ជាមួយ​ឱសថ​ថែម​ទៀត​ផង​។​ ដូច្នោះ​ហើយ​ រំដួល​លិច​ទឹក​ ត្រូវ​រ៉ាប់រង​មើល​ថែ​ម្ដាយ​ផង​ និង​រ៉ាប់រង​ចំណាយ​គ្រប់​សព្វ​បែប​យ៉ាង​ផង​។​

ដោយ​ឡែក​ រំដួល​លិច​ទឹក​ ផ្ទាល់​វិញ​ ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ជា ​ជំងឺ​មេរោគ​ក្នុង​ឈាម​ និង​ឈាម​មាន​ជាតិ​ពុល​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ឃើញ​លោក​មាន​ស្ថានភាព​ស្គម​ស្គាំង ​ប៉ុន្តែ​បច្ចុប្បន្ន​ភាព​សុខភាព​របស់​លោក​បាន​ប្រសើរ​ឡើង​បន្តិច​ហើយ​។

សូម​ជម្រាប​ផង​ដែរ​ថា​ រំដួល​លិច​ទឹក​ មាន​ឈ្មោះ​ពិត​ថា​ ម៉ិញ​ ចាន់វ៉ាន់​ដា​ មិន​ត្រឹម​តែ​ជា​អ្នក​ច្នៃ​ម៉ូដ​ប្លែក​ៗ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ និង​ទទួល​ស្គាល់​ស្នាដៃ​ពី​មហាជន​នោះ​ទេ​ លោក​ក៏​ជា​អ្នក​ជំនាញ​ឯកទេស​លើ​ការ​ផាត់​មុខ​ឱ្យ​តារា​ល្បី​ៗ​ បវរកញ្ញា​ ថែម​ទៀត​ផង​។ រំដួល​លិច​ទឹក​ និយម​បង្ហាញ​ពី​សកម្មភាព​ហ្វេស​សិន​ប្លែក​ៗ​បែប​កំប្លែង​ៗដែល​​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ និង​ធ្លាប់​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ Miss​ Planet ​Cambodia​ ឆ្នាំ​ ២០១៩​ ផង​ដែរ​៕​

Share.