ផ្នែកមួយនៃផ្លូវ Samsen ទល់មុខសភានឹងត្រូវបិទចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដើម្បីរារាំងអ្នកតវ៉ាពីការប្រមូលផ្តុំមុនការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ នៅថ្ងៃទី ១៣ ខែកក្កដា រហូតដល់ចុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ប៉ុស្តិ៍ប៉ូលីស Bang Pho ដែលទទួលបន្ទុករក្សាសន្តិសុខជុំវិញសភាក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានប្រកាសថា ផ្លូវ Samsen នឹងត្រូវបិទចាប់ពីផ្លូវបំបែក Kiakkai ទៅច្រកទ្វារទីបី នៃបរិវេណក្រុមហ៊ុន Boon Rawd Brewery ដោយមានដាក់របាំង​ការពារដើម្បី​រារាំងក្រុម​បាតុករ​មិន​ឲ្យ​ចូល​តាម​ផ្លូវដ៏សំខាន់នាថ្ងៃនេះរហូតដល់ម៉ោង ៦ព្រឹក ថ្ងៃសុក្រ។

យានជំនិះទាំងអស់នឹងត្រូវហាមឃាត់ លើកលែងតែយានជំនិះដែលមានលិខិតអនុញ្ញាតពិសេសប៉ុណ្ណោះ។

ទន្ទឹមនោះ ប៉ុស្ដិ៍ប៉ូលីសបានប្រកាសថា ការបិទអាចនឹងបន្តប្រសិនបើការតវ៉ាត្រូវបានធ្វើឡើងនៅក្នុងតំបន់ក្បែរនោះ។ ការ​ប្រកាស​នេះ ​គឺ​ស្រប​តាម​បញ្ជា​ចេញ​ដោយ​ការិយាល័យ​ប៉ូលិស​ក្រុង​កាលពី​ថ្ងៃ​ចន្ទ។

លើសពីនេះមានបទបញ្ជា ហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ៥នាក់ នៅក្នុងរង្វង់ ៥០ម៉ែត្រនៃបរិវេណសភាផងដែរ ដោយគិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃពុធដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕

ប្រភព៖ The Nation Thailand

Share.