ឱកាសរបស់ប្រធានគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈសភាបានរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីដឹកនាំប្រទេសបន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS World នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានស្នើឲ្យតុលាការធម្មនុញ្ញសម្រេចថា តើលោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រី ដោយសារការឈ្នះឆ្នោតកាលពីខែឧសភា បានបំពានច្បាប់បោះឆ្នោតដែរឬទេ។ កាលពីថ្ងៃពុធ មុនការបោះឆ្នោតសភាដើម្បីសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីបន្ទាប់របស់ប្រទេស ១ថ្ងៃ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ក៏បានស្នើឲ្យតុលាការធម្មនុញ្ញព្យួរតួនាទីសមាជិកសភា រហូតមានការចេញសេចក្ដីសម្រេចពីតុលាការធម្មនុញ្ញ។

ចំណាត់ការចុងក្រោយរបស់ស្ថាប័នរៀបចំការបោះឆ្នោតនេះ ពិតជានឹងប៉ះពាល់ដល់ការបោះឆ្នោតសភា និងឱកាសរបស់លោក Pita ក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងកិច្ចប្រជុំរួមគ្នានៃសមាជិកសភាចំនួន៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០រូប មានន័យថា លទ្ធផលបោះឆ្នោតសម្រាប់សម្ព័ន្ធគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោក Pita នឹងមិនអំណោយផលនោះទេ។
ករណីនេះកើតចេញពីការកាន់កាប់ភាគហ៊ុនចំនួន ៤២,០០០ហ៊ុន របស់លោក Pita លើក្រុមហ៊ុនប្រព័ន្ធផ្សពផ្សាយ iTV ដែលជាទូរទស្សន៍ឯករាជ្យដំបូងគេរបស់ប្រទេសថៃ ដែលមិនបានដំណើរការជាប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីឆ្នាំ២០០៧ ហើយបានតស៊ូផ្លូវច្បាប់យ៉ាងយូរជាមួយលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី ជុំវិញការសម្រេចចិត្តដកហូតសិទ្ធិការផ្សព្វផ្សាយរបស់ខ្លួន។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បាននិយាយថា ខ្លួនបានសម្រេចចិត្តថា ឋានៈរបស់ លោក Pita ក្នុងនាមជាសមាជិកសភា គួរតែត្រូវបានបញ្ចប់ស្របតាមមាត្រា៩៨ និងមាត្រា១០១ នៃធម្មនុញ្ញ ដូច្នេះបានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញសម្រាប់សាលក្រមចុងក្រោយ។

មាត្រា ៩៨ ហាមប្រាម «ម្ចាស់ ឬ ម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬបណ្តាញសារព័ត៌មាននានា ពីការប្រជែងយកអាសនៈតំណាងរាស្រ្ត» ខណៈមាត្រា ១០១ ចែងថា «ការពិន័យចំពោះការបំពានមាត្រា ៩៨ គឺជាការបញ្ចប់សមាជិកភាពសភា»។
នៅមុនថ្ងៃបោះឆ្នោតដ៏សំខាន់ ស្ថាប័នរៀបចំការបោះឆ្នោតបានតម្កល់សំណុំរឿងនេះនៅតុលាការធម្មនុញ្ញថៃ ដោយបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋធានីបាងកក និងនៅតាមទីក្រុងនានាទូទាំងប្រទេស។ ប្រសិនបើតុលាការកាត់ទោស លោក Pita នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងការដាក់បម្រាមធ្វើនយោបាយរយៈពេល ២០ឆ្នាំ។
យ៉ាងណាម៉ិញ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ គេមិនទាន់បានដឹងទេថា តើនរណាគឺជា នាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ខណៈដងផ្លូវសំខាន់ៗមួយចំនួន ត្រូវបានបិទដើម្បីការពារ ឬ ទប់ស្កាត់ការតវ៉ានានាដែលអាចកើតមាន ខណៈតុលាការធម្មនុញ្ញអភិរក្សនិយម បានទទួលយកសំណើរពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលលោក Pita Limjamroenrat អាចត្រូវបានដកបេក្ខភាពរបស់លោក៕

