សិល្បៈជាតិ៖ បើអ្នកតាមដានអំពីជីវប្រវត្តិតារាចម្រៀងរ៉េប G-Devith ដែលសារព័ត៌មានត្រយងធ្លាប់បានផ្សាយកន្លងមកនេះ ប្រាកដជានៅចាំថា កាលពីវ័យកណ្ដាលព្រោះមានបញ្ហាជីវភាព លោកធ្លាប់បានលះបង់ការសិក្សារបស់ខ្លួន ដើម្បីឱ្យប្អូនស្រីបង្កើតទទួលបានឱកាសមាសនេះមកសិក្សាបន្តនៅភ្នំពេញ។ រហូតក្ដីសុបិនប្អូនស្រីសម្រេចបានដោយជោគជ័យ ពេលនេះ Ditway ងាកមកឈោងចាប់យកក្ដីសុបិនខ្លួនឯងម្ដង។

ជាការពិតណាស់ លោក ងួន ចាន់ដេវីត ប្រាកដបងប្រុសដែលមើលថែ និងផ្គត់ផ្គង់ដល់ការរស់នៅរៀនសូត្ររបស់ប្អូនស្រីបានយ៉ាងល្អ ព្រោះតែឪពុកម្ដាយរបស់លោកបានចែកផ្លូវគ្នាដើរច្រើនឆ្នាំមកហើយ។ ក្នុងនាមជាបងប្រុសម្នាក់ លោក ជី ដេវីត បានបំពេញតួនាទីជាឪពុកម្ដាយផង ជាបងប្រុសផង ដើម្បីឱ្យប្អូនស្រីទទួលបានភាពកក់ក្ដៅ និងក្ដីស្រឡាញ់ពេញលេញ។ យ៉ាងណាមិញ ប្អូនស្រីលោក ជី ដេវីត មានឈ្មោះថា ងួន ចាន់ដារីយ៉ា ទើបតែទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យបុរាណវិទ្យា ឯកទេសបុរាណវិទ្យា នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។


ក្រោយប្អូនស្រីបញ្ចប់ការសិក្សាយកបរិញ្ញាបត្រជូនគ្រួសារដូចក្ដីសុបិនហើយនោះ ពេលនេះ Rapper G-Devith បានងាកមកបន្តការសិក្សាក្នុងថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋាន ក្នុងវគ្គបណ្ដុះបណ្តាលជំនាញភាសាបាលី ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ នេះបើតាមការបង្ហោះរបស់ ហ្វេសប៊ុកផេក ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
សូមជម្រាបថា បច្ចុប្បន្ននេះ លោក ងួន ចាន់ដេវីត មានវ័យ ២៩ ឆ្នាំហើយ ខណៈបើលោកបានបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ នោះលោកនឹងត្រូវបញ្ចប់ការសិក្សានៅវ័យ ៣៣ ឆ្នាំ៕




