ភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលាម្នាក់ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តកូរ៉េឃ្លុប បើកកៀរឲ្យដួល ហើយកិនស្លាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវQMI កែងផ្លូវជាតិលេខ៤ ក្បែរភ្លើងស្តុបជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ មុំ ម៉ាផល្លី អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ មានឪពុកឈ្មោះ មុំ សុផល ជាគ្រូពេទ្យយោធា ឯម្តាយឈ្មោះ ប៊ុន រ៉ាឌីកា ជាគ្រូពេទ្យ មានទីលំនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-4236 ជិះតាមផ្លូវQMI ក្នុងទិសដៅពីជើងទៅត្បូង ជិតដល់ភ្លើងស្តុប ស្រាប់តែរថយន្តបង្ក ហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-32632 បើកក្នុងទិសដៅស្របគ្នា បានវ៉ាជែងកៀរម៉ូតូឲ្យដួល ហើយកិនជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ដោយឃើញសភាពមិនស្រួល រថយន្តបានព្យាយាមបើករត់គេចប្រមាណជាង៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.