បេក្ខជននាយករដ្ឋមន្រ្តីបក្សឈ្នះឆ្នោតថៃ លោក Pita Limjaroenrat វ័យ ៤២ឆ្នាំ កំពុង​ប្រឈមនឹងសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញថៃដែលលោក អាចនឹងត្រូវជាប់បំរាមធ្វើនយោបាយរយៈពេល ២០ឆ្នាំ ប្រសិនបើតុលាការកំពូលថៃមួយនេះ សម្រេចថា លោកពិតជាបំពានច្បាប់បោះឆ្នោតដូចការចោទប្រកាន់។

នៅថ្ងៃទី១២ ខែកក្កដា ពោលគឺមួយថ្ងៃមុនរដ្ឋសភាថៃ បើកសម័យប្រជុំ ដើម្បីសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថៃនោះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជូនសំណុំរឿងដែលចោទលោក Pita ពាក់ព័ន្ធនឹងភាគហ៊ុននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ទៅតុលាការធម្មនុញ្ញ ភ្ជាប់ដោយភស្ដុតាងដែលបញ្ជាក់ថា លោក Pita បំពានច្បាប់បោះឆ្នោត។

ប្រសិន​បើ​តុលាការធម្មនុញ្ញថៃសម្រេចដូចការចោទប្រកាន់របស់ស្ថាប័នរៀបចំការបោះឆ្នោតថៃមែននោះ លោក Pita ថែមទាំង​អាចជាប់​ពន្ធនាគារ​រហូត​ដល់១០ឆ្នាំ បន្ថែមលើបម្រាមធ្វើនយោបាយ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍​ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

តាមច្បាប់ថៃ លោក Pita ដែលកំពុងស្ថិតក្នុងភាពស្រពិចស្រពិលចំពោះការកាន់មុខតំណែងនាយករដ្ឋមន្រ្តីថៃផងនោះ អាចនឹងត្រូវព្យួរតួនាទីជាសមាជិកសភា រហូតមានការចេញសេចក្ដីសម្រេចពីតុលាការធម្មនុញ្ញ»។ ដូច្នេះ សំណុំរឿងនេះ កំពុងក្លាយជាឧបសគ្គថ្មីមួយទៀត ក្នុងដំណើរឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្រ្តី។

នៅថ្ងៃទី១៣ ខែកក្កដានេះ រដ្ឋសភាថៃ បានដំណើរការកិច្ចប្រជុំរួមដោយមិនទាន់សម្រេចនៅឡើយទេ ថាតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីថៃ ខណៈសន្ដិសុខនៅទីក្រុងបាងកក ជាពិសេសនៅជុំវិញរដ្ឋសភាថៃ ត្រូវបានរឹតបន្តឹងសុវត្ថិភាព។ មានការព្រួយបារម្ភកាន់តែខ្លាំងប្រសិនបើ បក្សឈ្នះឆ្នោតបរាជ័យសម្រាប់ការទទួលបានសេចក្ដីទុកពីសភា។

ដូច្នេះក្នុងពេលនេះអ្វីដែលគេត្រូវរង់ចាំមើលបំផុត នោះគឺថា តើតុលាការធម្មនុញ្ញថៃនឹងសម្រេចតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃដែរឬក៏អត់?

កាលពីឆ្នាំ២០១៩ លោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំអតីតគណបក្ស Future Forward ត្រូវបានតុលាការធម្មនុញ្ញថៃដកសមាជិកភាពសភា និងហាមឃាត់ពីការធ្វើសកម្មភាពនយោបាយរយៈពេល១០ឆ្នាំ ដោយចោទប្រកាន់ថា រូបលោកបានបំពានច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយ V-Luck Media ដែលជាការចោទប្រកាន់ដូចគ្នា ដែលលោក Pita កំពុងប្រឈម។ ក្រោយមកគណបក្ស Future Forward ជាគណបក្សដើមរបស់ Move Forward ត្រូវបានតុលាការ ធម្មនុញ្ញថៃរំលាយចោលក្នុងឆ្នាំ២០២០។

យ៉ាងណាម៉ិញ ប្រសិនបើមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានទេ នោះនាយករដ្ឋមន្ត្រីចាំផ្ទះ លោក បា្រយុទ្ធ ចាន់អូចា នឹងត្រូវដឹកនាំប្រទេសជាបណ្ដោះអាសន្ន រហូតទាល់តែ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕

ប្រភព៖ CNA

Share.