សិល្បៈ​ជាតិ​៖ មែន​ទែន​ទៅ​ នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​ គេ​សង្កេត​ឃើញ​ថា​ តារា​សិល្បៈ​មួយ​ចំនួន​បាន​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​ ដោយ​ស្នេហា​របស់​ពួក​គេ​ផ្ដើម​ចេញ​ពី​ចំណុច​ Friend-zone​ បាន​ន័យ​ថា​ ពួក​ផ្ដើម​ស្នេហ៍​ពី​មិត្តភាព​រហូត​ដល់​មើល​ចិត្ត​ថ្លើម​គ្នា​ត្រូវ​ ហើយ​ក្លាយ​ជា​គ្រួសារ​តែ​មួយ​។​

ថ្ងៃនេះ​សារព័ត៌មាន​ត្រយង​ សូម​លើក​យក​តារា​សិល្បៈ​ចំនួន​ ១០​ គូ​ ដែល​បាន​ចាប់​កំណើត​ស្នេហ៍​ក្នុង​ពិភព​សិល្បៈ​ដូច​គ្នា​ ហើយ​ទទួល​បាន​ការ​ស្ងើច​សរសើរ​ពី​មហាជន​អ្នកគាំទ្រ​។​

1-អ្នកនាង ​គង់ ​ចាន់ស្រីមុំ ​និង​លោក​គីម​ សីហា

តារាស្រី​ គង់​ ចាន់ស្រីមុំ​ បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​អតីត​ Freshie​ Boy ​ចំណាត់​ថ្នាក់​លេខ​ ២​ឆ្នាំ​ ២០០៧​ គឺ​លោក ​គីម​ សីហា​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ ៩​ឆ្នាំ​។ មង្គលការ​អ្នក​ទាំងពីរ​នា​ពេល​នោះ​ ប្រៀប​ដូច​ជា​គូ​ស្នេហ៍​លំដាប់​អភិជន​ ដែល​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ​ ភូគីត្រា​។ ក្រោយ​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​ អ្នក​ទាំង​ពីរ​បាន​រួម​គ្នា​បោះទុន​បើក​មុខ​ជំនួញ​ជា​ច្រើន​ដូច​ជា​បើក​សំលៀក​បំពាក់​ ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​ នាំ​ចូល​ទឹក​អប់​ម៉ាក​ប្រេន​ផ្ទាល់​ខ្លួន​ និង​បើក​ដំណើរ​ការ​ភោជនីយ​ដ្ឋាន​ជា​ដើម​។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ អ្នក​ទាំងពីរ​មាន​កូន​ស្រី​បណ្ដូល​ចិត្ត​ម្នាក់​ឈ្មោះ​ ម៉ូម៉ូ​ មាន​អាយុ​ទើប​តែ​ ៥​ ឆ្នាំ​ និង​មាន​មុខ​មាត់​គួរ​ឱ្យ​ស្រឡាញ់​។

2-អ្នកនាង​ កុល​ ដាវី​និង​លោក​ សុខ​ រក្សា

តារា​សម្ដែង​ស្រី​ កុល​ ដាវី ​បាន​រៀបការ​ជាមួយ​អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​ហង្សមាស​គឺ​លោក សុខ រក្សា នៅ​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០១៩ ក្រោយ​ពី​បាន​ឈ្វេងយល់​ចិត្ត​ថ្លើម​គ្នា​ជាង​ ៥ ​ឆ្នាំ​ ។ ហើយ​ក្រោយ​ពី​រៀបការ​រួច​ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ស្ទាយ​ការ​ស្លៀកពាក់​របស់​ខ្លួន​ ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ជា​តារា​សិច​ស៊ី មក​ជា​ស្រគត់ស្រគំ​វិញ​។ ក្រៅ​ពី​អាជីព​សិល្បៈ​ អ្នក​ទាំងពីរ​ក៏​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ទាំង​ការ​លក់​ផលិតផល​នៅ​លើ​អនឡាញ​ លក់​គ្រឿង​អលង្ការ​ និង​មាន​ក្រុម​រៀប​ចំការ​ប្រគំ​តន្ត្រី​ថែម​ទៀត​ផង​។ រៀប​ការ​ហើយ​ច្រើន​ឆ្នាំ​ អ្នក​នាង​ កុល​ ដាវី​ និង​លោក​ សុខ ​រក្សា​ ក៏​មាន​កូន​ដំបូង​ដូច​ប្រាថ្នា​ តែ​ជា​អកុសល​កូន​នោះ​មិន​នៅ​ជាប់​វិញ​ ដោយសារ​តែ​ម្ដាយ​ធ្វើការងារ​ហត់​នឿយ​ខ្លាំង​ពេក​ គ្មាន​វេលា​ថែម​ទាំ​សុខភាព​គ្រប់គ្រាន់​។ រាល់ថ្ងៃនេះ​ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ទទួល​បាន​កូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ កុល​ វីនីតា​ ដែល​អ្នក​ទាំងពីរ​ស្រឡាញ់​ថ្នាក់​ថ្នម​ដូច​ជា​កែវ​។ ម្យ៉ាង​ទៀត​គូស្នេហ៍​តារា​ដូចគ្នា ១ ​គូ​នេះ​ចាប់​តាំងពី​ចាប់ដៃ​គ្នា​ជា​ប្ដីប្រពន្ធ​មក ពួកគេ​រកស៊ី​ធូរធារណាស់ ដោយ​មាន​ផ្ទះ​ដល់​ទៅ ២ ​ល្វែង និង​ជិះ​រថយន្ដ​ទំនើបៗ ហើយ​ក៏​មាន​ដីធ្លី​មួយចំនួន​ទៀតផង។

3-អ្នកនាង ​ខាត់ ​សុឃីម​និង​លោក​ផាណូ

អ្នកនាង​ ខាត់​ សុឃីម​ និង​ស្វាមី​ អ៊ិន​ សុបញ្ញា​ ហៅ​ផាណូ​ បាន​រៀប​មង្គល​ការ​នៅ​ថ្ងៃទី ១២​ ខែធ្នូ ​ឆ្នាំ​ ២០១២។ គិត​មក​ទល់​ពេល​នេះ​ ប្ដី​ប្រពន្ធ​១​គូ​នេះ​រៀបការ​បាន​ ១១​ ឆ្នាំ​ហើយ​ អ្នក​ទាំង​ពីរ​មាន​កូន​ប្រុស​ឈ្មោះ​ បញ្ញា ស្កាយ យសសក្ក័​ និង​កូន​ស្រី​ឈ្មោះ​ បញ្ញា ​ហ្វូតូ​ស្អាត។ ជីវិត​ឯកជន​អ្នកនាង​ ខាត់​ សុឃីម​ ត្រូវ​បាន​គ្រប់​គ្នា​លើក​ឡើង​ថា​ ជាតារាស្រីនៅស្រុកខ្មែរដែលបាន​សោយ​លាភលើ​ទ្រនំ​សិល្បៈ​​ស្ទើរ​តែ​ក្លាយជា​សេដ្ឋិនីតាមរយៈសម្អាងការ និង​វង់​ភ្លេង​បុរាណ​ខ្មែរ។​ តារា​ពហុ​ជំនាញ​មួយ​ដួង​នេះ​ បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ត្រកូល​ខាត់​មាន​ឈ្មោះ​ល្បី​រន្ទឺ​ពេញ​ផ្ទៃ​ប្រទេស​ រហូត​ដល់​ឯនាយ​សមុទ្រ​។

4-អ្នកនាង​ គង់​ សុជាតិ​និង​លោក​ ជា​ វិបុល

បើ​និយាយ​ដល់​គ្រួសារ​ពិធីករ​កំពូល​លំដាប់​ប្រទេស​ នោះ​ច្បាស់​ជា​គ្រប់​គ្នា​នឹក​ដល់​អ្នកនាង​ គង់​ សុជាតិ​ និង​លោក​ ជា​ វិបុល​ ជាក់​ជា​មិន​ខាន​។ ផ្ដើម​ចេញ​ពី​ដៃ​គូ​ពិធីករ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​បាន​វិវត្ត​មក​ជា​គ្រួសារ​រួម​ដំបូល​ផ្ទះ​ ដោយ​បាន​រៀបការ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ​២០១៣​ នៅ​សណ្ឋាគារ​ អ៊ិន​ធឺ​កុង​ទី​ណង់​តាល់​ ដែល​ពេល​នោះ​អ្នកនាង​ គង់​ សុជាតិ ​មាន​អាយុ​ ៣៧​ឆ្នាំ ​ជា​អ្នក​មេម៉ាយ​កូន​ពីរ​ក្នុង​បន្ទុក​ ហើយ​ ចំណែក​ឯ​លោក​ ជា​ វិបុល​ ក៏​មាន​អាយុ​តិច​ជាង​អ្នកនាង​ ​សុជាតិ ៣​ឆ្នាំ​។​ មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មាន​កូន​ស្រី​រួម​គ្នា​ម្នាក់​ឈ្មោះ​ ជា​ សុជាតិ​ នារីដូរី​ មាន​អាយុ​ ៦​ ឆ្នាំ​ហើយ​។ អ្នកនាង​ គង់​ សុជាតិ​ ត្រូវ​បាន​មហាជន​កត់​សម្គាល់​ជាង​គេ​ទៅ​លើ​រឿង​ឯកទេស​ថែរក្សា​សម្រស់​ ដោយ​អ្នក​នាង​ក៏​ទទួល​បាន​ជោគជ័យ​កន្លង​មក​តាមរយៈ​ហាង​ សុជាតិ​ សាឡន​ និង​សាលា​បណ្ដុះបណ្ដាល​ សុជាតិ​។ រីឯ​លោក​ ជា​ វិបុល​ វិញ​ក្រោយ​ចាក​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ មក​ហង្ស​មាស​ ក៏​ទទួល​បាន​ឈ្មោះ​ជា​កំពូល​ពិធីករ​កម្មវិធី​លំដាប់​ពិភព​លោក​ដូច​ជា​ The​ Voice​ Cambodia ​, Cambodian ​Idol ​និង​ Cambodian’s ​Got​ Talent ​ជា​ដើម​។​

5-​អ្នកនាង​ ស៊ឹម​ សូលីកា​និង​លោក​ អេង​ ឫទ្ធី

ប្ដី​ប្រពន្ធ​តារា​សិល្បៈ​មួយ​គូ​នេះ ​ក៏​ជា​គូ​ស្នេហ៍​ពិធីករ​ដូច​គ្នា​ដែរ​ ដោយ​អ្នក​ទាំង​ពីរ​គឺ​ជា​ពិធីករ​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ អ្នកនាង​ ស៊ឹម​ សូលីកា ​និង​លោក ​អេង​ ឫទ្ធី​ បាន​ជ្រើស​រើស​ថ្ងៃ​មង្គល​សិរី​ចូល​រោងការ​នៅ​ថ្ងៃទី​០៩ ​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ហើយ​រៀប​អាពាហ៍ពិពាហ៍​បាន​ ១​ឆ្នាំ​កន្លះ​អ្នក​ទាំង​ពីរ​ក៏​ទទួល​បុត្រ​ដូច​បំណង​ ដែល​នឹង​ត្រៀម​សម្រាល​នៅ​ដើម​ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ​។ យ៉ាងណាមិញ​ ​លោក​ រិទ្ធី​ លាលែង​ពី​វិស័យ​សម្ដែង​ភាពយន្ត​ហើយ​ ដោយ​លោក​សព្វ​ថ្ងៃ​នេះ​មាន​តួនាទី​ជា​ប្រធាន​ពិធីករ​នៅ​ប៉ុស្ដិ៍​បាយ័ន​ និង​ទើប​តែ​ទទួល​ងារ​ជា​អភិបាល​រង​ខេត្ត​ស្វាយ​រៀង​។ ចំណែក​ឯ​ អ្នក​នាង​ សូលិកា​ នៅ​តែ​បន្ត​ការងារ​សិល្បៈ​ផ្នែក​ពិធី​ការិនី​ដដែល​។​ គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​យល់​ឃើញ​ថា​ សម័យ​នេះ​ អ្នក​សិល្បៈ​ឃើញ​ថា​អាច​មាន​សមត្ថភាព​ក្នុង​ការ​រួម​ចំណែក​ អភិវឌ្ឍន៍​សង្គម​បាន​ដោយ​គំនិត​ចេះដឹង​។

6- ​អ្នកនាង​ យក់​ ឋិតរដ្ឋា​និង​លោក​ ឃុំ​ប៉ុណ្ណា​ដែត​

ស្នេហា​តារា​ចម្រៀង​មួយ​គូ​នេះ​ កើត​ឡើង​ពី​ការ​ស្អប់​ជំពប់​លើ​ ដោយ​អ្នកនាង​ យក់​ ឋិតរដ្ឋា​ ធ្លាប់​បាន​លើក​ឡើង​ថា​ ពេល​ចូល​សិល្បៈ​ដំបូង​ លោក​ ឃុំ ​ប៉ុណ្ណាដែត ​ធ្លាប់​បង្ហាញ​អារម្មណ៍​មិន​ចូលចិត្ត​អ្នកនាង​ទេ​ តែ​ចុង​ក្រោយ​បែរ​ជា​មក​ជំពប់​លើ​ស្នេហ៍​អ្នក​នាង​វិញ​។ អ្នក​ទាំង​ពី​របាន​ចូល​រោងការ​បញ្ចប់ភាព​នៅលីវ ​នៅ​អំឡុងខែ ​ឧសភា​ ឆ្នាំ ​២០០៦ ​ដែល​កាល​នោះ​ អ្នក​ទាំងពីរ​នៅ​ជា​តារា​ចម្រៀង​ក្រុម​ EV​ Band​។ គិត​មក​ទល់​ពេល​នេះ​ ប្ដី​ប្រពន្ធ​តារា​មួយ​គូ​នេះ​រៀបការ​បាន​រយៈ​ពេល​ ១៧​ ឆ្នាំ​នេះ ​អ្នក​ទាំងពីរ​មាន​កូន​ប្រុស​ ២​ នាក់​ និង​កូន​ស្រី​ម្នាក់​។ អ្នកនាង ​យក់​ ឋិត​រដ្ឋា​ នៅ​តែ​បន្ត​អាជីព​ជា​តារា​ចម្រៀង​ដដែល​ ប៉ុន្តែ​ចំពោះ​ស្វាមី​វិញ​ គឺ​បាន​បញ្ចប់​អាជីព​សិល្បៈ​ហើយ​ និង​បាន​ប្រឡូក​ការ​រកស៊ី​លើ​វិស័យ​អចលនៈ​ទ្រព្យ​។​ គូ​ស្នេហ៍​សិល្បៈ​មួយ​គូ​នេះ​ត្រូវ​បាន​មហាជន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ភាព​ផ្អែម​ល្ហែម​ដាក់​គ្នា​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដោយ​មិន​លាក់លៀម​ភ្នែក​មហាជន​ ហើយ​ក៏​ជា​គូ​ស្នេហ៍​ដែល​ហ៊ាន​ប្រាប់​មហាជន​អ្នកគាំទ្រ​ត្រង់​ៗ​ពី​ជីវិត​ឯកជន​របស់​ពួក​ដោយ​មិន​បារម្ភ​ខ្លាច​ធ្លាក់​ប្រជាប្រិយ​ភាព​ នៅ​ពេល​ដែល​តារា​សិល្បៈ​ផ្សេង​ៗ​ទៀត​មិន​ក្លាហាន​បើក​ចំហ​ពី​ទំនាក់​ទំនង​ពួក​គេ​នោះ​ឡើយ​។​

7- អ្នកនាង​ សួស​ វីសា​និង​លោក​ថមមី

គូស្នេហ៍តារាចម្រៀងមួយគូនេះរៀបមង្គលការនៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​​យល់​ចិត្ត​យល់​ថ្លើម​គ្នា​រយៈ​ពេល​ជាង​៤​ឆ្នាំ​។ បន្ទាប់​ពី​រៀប​ការ​រួច​ អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ឯ​ក្រៅ​ប្រទេស​រហូត​ដល់​ទៅ​៨​ប្រទេស​ឯណោះ​នៅ​តំបន់​អឺរ៉ុប​មាន​ ប្រទេស​បារាំង​ ស្វីស​ អេស្ប៉ាញ​ ហុឡង់ដ៍​ អ៊ីតាលី​ អាល្លឺម៉ង់​ ប៉ូឡូញ ​និង​ ដាណឺម៉ាក​ រហូត​ផ្អើល​អស់​អ្នក​គាំទ្រ​ថា​ អ្នក​ទាំង​ពីរ​ពិត​ជា​តារា​ដែល​មាន​លុយ​ច្រើន​លំដាប់​អភិជន​។ អ្នកនាង​ សួស​ វីសា​ និង​លោក​ ថមមី​ មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ ថង​ សាម៉ូលីណា ​ហៅ​ក្រៅ​ថា ​ជេននី​ មាន​អាយុ​ ៣​ឆ្នាំ​ហើយ​ និង​មាន​និស្ស័យ​សិល្បៈ​ដូច​ជា​លោក​ប៉ា​អ្នកម៉ាក់​ផង​ដែរ​។ ក្រៅ​ពី​អាជីព​សិល្បៈ​ អ្នក​ទាំង​ពីរ​ក៏​មាន​មុខ​ជំនួញ​លើ​អនឡាញ​ដូច​ជា ​ផលិតផល​ថែរក្សា​សម្រស់​ អាហារ​បំប៉ន​ និង​មាន​អាជីវកម្ម​ផលិត​ទឹកកក​ថែម​ទៀត​ផង​។​

8-អ្នកនាង​ ទេព ​បូព្រឹក្ស ​និង​លោក​ជី ​ដេវីត

ងាក​មក​អ្នកនាង​ ទេព​ បូព្រឹក្ស​ និង​លោក ​ជី ​ដេវីត​ វិញ​ថ្វី​ត្បិត​មិន​ទាន់​មាន​ដំណឹង​រៀបការ​ ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លិច​ឡើយ​ រហូត​អ្នក​ទាំង​ពីរ​មាន​តំណក់​ឈាម​រួម​គ្នា​មួយ​គឺ​កូន​ប្រុស​មាន​ឈ្មោះ​ថា ​ទេព ​បញ្ចវរាប​ ហៅ​ក្រៅ​ Albert​ ។ គូ​ស្នេហ៍​គូ​ចម្រៀង​មួយ​គូ​នេះ​ បាន​ផ្ដាច់​ខ្លួន​ចេញ​ផលិតកម្ម​ធំ​ប្រចាំ​ប្រទេស​ ហើយ​វិវត្ត​ខ្លួន​ក្លាយ​ជា​តារាចម្រៀង​ឯករាជ្យ​ដែល​បាន​បង្កើត​ស្នាដៃ​ថ្មី​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ និង​បាន​ក្លាយ​ជា​គូ​ស្នេហ៍​តារា​សិល្បៈ​ដូច​គ្នា​ដែល​តែង​បង្ហាញ​ទាំង​ភាព​ផ្អែម​ល្ហែម​ និង​ភាព​ឡូយ​ឆាយ​។​ ជីវិត​គូ​របស់​ពួក​គេ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ខ្លាំង​តាំង​ពី​ការ​តស៊ូ​ក្នុង​សិល្បៈ​ដំបូង​ រហូត​ឈាន​ដល់​ជោគជ័យ​មាន​បាន​ដូច​សព្វ​ថ្ងៃ​នេះ​។​

9-ប៉ាច​គីម​មួយ​ និង​ ស៊យ ​រតនៈ

តារា​ចម្រៀង​ ប៉ាច ​គីមមួយ​ បាន​សម្រេច​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​តារា​ចម្រៀង​ ស៊យ​ រតនៈ​ នៅ​ថ្ងៃ​ទី ​១ ​ខែ​កក្កដា​ ឆ្នាំ​ ២០២២​ ហើយ​ពួក​គេ​មាន​គម្រោង​រៀប​ការ​នា​ពេល​ខាង​មុខ​នេះ​ទៅ​តាម​ពេលា​ដែល​ដេញ​បាន​ល្អ​។​ អ្នក​ទាំងពីរ​បាន​សារភាព​ថា​ បាន​មើល​ចិត្ត​គ្នា​អស់​រយៈ​ពេល​ជាង​ ៨​ ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ The​ Voice​ Cambodia​ រដូវ​កាល​ទី​ ១​ នៅ​ឆ្នាំ ​២០១៤​។ មក​ទល់​រាល់​ថ្ងៃ​នេះ​ កញ្ញា​ ប៉ាច​ គីម​មួយ​ និង​លោក​ ស៊យ​ រតនៈ​ កាន់​តែ​សម្ញែង​ភាព​ផ្អែម​ល្ហែម​មិន​ដាច់​ទេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ហើយ​បើ​តាម​អ្នក​សិល្បៈ​បាន​ប្រាប់​វិញ​ថា​ រាល់​ពេល​មាន​កម្មវិធី​ម្ដង​ៗ​ អ្នក​ទាំងពីរ​តែងតែ​បណ្ដើរ​គ្នា​ត្រសង​ រហូត​ធ្វើ​ឱ្យ​អ្នក​ជិត​ខាង​ខ្លួន​ច្រណែន​ភាព​ផ្អែមល្ហែម​អ្នក​ទាំង​ពីរ​ថែម​ទៀត​។

10-​ពេជ្រ​សោភា ​និង​ឆឹម​ សក្កដា

មួយ​គូ​នេះ​វិញ​ ពិត​ជា​ភ្ញាក់​ផ្អើល​បន្តិច​ហើយ​ ក្រោយ​ប្រកាស​មាន​ទំនាក់​ទំនង​មើល​ចិត្ត​គ្នា​អស់​ជិត ​១០​ ឆ្នាំ​ ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​វិច្ឆិកា​ ឆ្នាំ ​២០២២​ អ្នក​នាង​ ពេជ្រ ​សោភា​ ទម្លាយ​រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ថា ​អ្នក​នាង​ពិត​ជា​បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​ ឆឹម​ សកក្កដា​ ហើយ​។ បើ​ទោះ​ភ្ជាប់​ពាក្យ​ ប៉ុន្តែ​អ្វី​ដែល​មហាជន​នៅ​តែ​មន្ទិល​ក្នុង​ចិត្ត​នោះ​ បារម្ភ​ខ្លាច​នឹង​ទាំង​ពីរ​នៅ​តែ​បន្លំ​ភ្នែក​មហាជន​បន្ត​ទៀត​ លុះត្រា​តែ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ចូល​រោងការ​តែ​ម្ដង​ទើប​អស់​ចម្ងល់​។ យ៉ាង​ណា​មិញ​ លោក​ ឆឹម​ សក្កដា ​ធ្លាប់​ប្រាប់​ត្រយង​ថា​ លោក​មាន​គម្រោង​រៀប​ចំ​រៀបការ​នៅ​ឆ្នាំ ​២០២៣​ នោះ​ក៏​ត្រូវ​បាន​លុប​ចោល​វិញ ​ព្រោះ​ដោយ​សារ​លោក​ និង​អ្នកនាង ​សោភា​ រវល់​រៀង​ខ្លួន​ពេក​។ ដំណឹង​ល្អ​នេះ​ អាច​លើក​ទៅ​ឆ្នាំ​ក្រោយ​វិញ​ អ្នក​ទាំង​ពីរ​គ្រោង​រៀបការ​បែប​សមញ្ញ​ៗ​ ដែល​អ្នក​ចូល​រួម​តែ​អ្នក​សិល្បៈ​ជិត​ដិត​ និង​ក្រុម​គ្រួសារ​សាច់​ញាតិ​តែ​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ដែរ​ប្រិយមិត្ត​ បន្ទាប់​ពី​បាន​ដឹង​រឿងរ៉ាវ​ស្នេហា​របស់​តារា​ប្រុស​ស្រី​ទាំង​ ១០​ គូ​នេះ​ហើយ​? ​កុំ​ភ្លេច​ Comment​ ប្រាប់​ Admin​ ផង​ណា​៕​

Share.