ពីវេទិកាអធិបតីនៃពិធីសម្ពោធសមិទ្ធផលនានានៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្ដេចបានទទួលព័ត៌មានមកថាមានសាធារជនមួយចំនួនបាន់លាន់មាត់ថាហេតុអ្វីបានជាអគារទីស្ដីការក្រសួងមហាផ្ទៃសាងសង់លឿនម្លេះ?

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ដំណើរការរៀងរាល់ថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង ដោយបែងចែកជា៣វេននៃក្រុមជាង ដូច្នេះហើយបានជាមានអ្នកលើកឡើងថាអគារនេះ សង់លឿនប្រៀបនឹងទេវតាជប់។ សម្ដេចបន្ថែមថាអគារនេះ មានផ្ទៃក្រឡាជាង១សែន ៥ម៉ែនម៉ែត្រក្រឡា មានកម្ពស់៩ជាន់។

អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ។ សម្ដេចក្រឡាហោម បានកោតសរសើរចំពោះការសាងសង់នេះ ពីព្រោះក្រុមជាងគ្រប់ផ្នែកសុទ្ធតែជាកូនខ្មែរ។ អគារនេះសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សន & អ៉ិនវេសមេន។

អគារនេះមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕

Share.