លោក Pita Limjaroenrat បានបរាជ័យក្នុងបោះឆ្នោតសភាជុំដំបូង ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីលោកមិនអាចទទួលបានការគាំទ្រដែលត្រូវការពីសភាទ្វេភាគីច្រើនជាងពាក់កណ្តាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

លោក Pita មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ មិនត្រូវបានជំទាស់នៅក្នុងការប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្រ្តីទេ ប៉ុន្តែមិនអាចប្រមូលការគាំទ្រ ៦៤សំឡេង តាមតម្រូវការនោះទេ ដោយមានការបោះឆ្នោតអនុប្បវាទ និងការបោះឆ្នោតប្រឆាំងនឹងរូបលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Pita នឹងរង់ចាំការបោះឆ្នោតសភាជុំបន្ទាប់នៅសប្ដាហ៍ក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយអាចនឹងមានគូរប្រជែង ជាបេក្ខជននាយករដ្ឋមន្រ្តីមួយរូបទៀត។

ចូលមកដល់ថ្ងៃព្រហស្បតិ៍ នេះ ឱកាសរបស់លោក Pita ក្នុងការដឹកនាំសម្ព័ន្ធភាព ៨ភាគី ទៅក្នុងរដ្ឋាភិបាលហាក់មើលទៅដូចជាកាន់តែតិចទៅៗ។

ថ្វីបើជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់ ដែលត្រូវបានតែងតាំងនៅក្នុងសភាក៏ដោយ ក៏លោកប្រឈមមុខនឹងការប្រឈមដ៏ធំក្នុងការឈ្នះការគាំទ្រដែលត្រូវការនៅទូទាំងសភាទាំង២ ដែរ។

សម្ព័ន្ធដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខរបស់លោក ទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣១២រូប តំណាងរាស្រ្ត ៥០០ ដែលជាសភាជាន់ទាប។

ប៉ុន្តែដើម្បីឱ្យ Pita ក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការ ការយល់ព្រមពីជាងពាក់កណ្តាលនៃសភារួមបញ្ចូលគ្នា ដែលរួមមានព្រឹទ្ធសភាដែលមានសមាជិក ២៥០នាក់ និង សភាជាន់ខ្ពស់។

ការស្វែងរកសំឡេងឆ្នោតទាំងនោះ បានបង្ហាញពីការលំបាកនៅក្នុងព្រឹទ្ធសភាដែលតែងតាំងដោយយោធា ដោយសារតែការជំរុញរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺដើម្បីធ្វើកំណែទម្រង់មាត្រា១១២ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ ដែលហាមប្រាមការបរិហារកេរ្តិ៍ ឬប្រមាថព្រះរាជវង្សានុវង្ស និងការកែប្រែចំណុចដ៏រសើបមួយចំនួនទៀត។

ឧបសគ្គមួយទៀតបានកើតឡើងកាលពីថ្ងៃពុធ នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតបានផ្តល់អនុសាសន៍ថា តុលាការធម្មនុញ្ញដកលោក Pita ក្នុងនាមជាសមាជិកសភាជុំវិញការរំលោភលើច្បាប់បោះឆ្នោត ដែលជំរុញឲ្យក្រុមបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅទីក្រុងបាងកក ដើម្បីធ្វើការតវ៉ាទូទាំងប្រទេស។

ឥឡូវនេះសម្ព័ន្ធដែលដឹកនាំដោយបក្សលោក Pita ត្រូវតែសម្រេចចិត្តថា តើត្រូវគាំទ្រលោក Pita ម្តងទៀតនៅក្នុងការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងសម្រាប់ថ្ងៃទី១៩ ខែកក្កដា ឬដាក់បេក្ខជនផ្សេងទៀតដោយសាកល្បងស្វែងរកការបង្កើតរដ្ឋាភិបាលបន្ទាប់។

យ៉ាងណាម៉ិញ ថ្វីត្បិតលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍លាឆាកនយោបាយក៏ដោយ ក៏បច្ចុប្បន្នលោកនៅតែបន្ដធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មីបានបង្កើតរួចរាល់៕

ប្រភព៖ CNA

Share.