បាត់ដំបង៖ កម្លាំងចម្រុះបានចុះស្ទាក់ចាប់ជនសង្ស័យ២នាក់ ដែលលួចដឹកគ្រឿងញៀនជាង២គីឡូក្រាម បម្រុងយកទៅចែកចាយក្នុងស្រុកសង្កែ។

យុទ្ធនាការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ណា គិមយ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះចេង ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនសង្ស័យទាំង២នាក់បានឆ្លងខេត្តមកធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយមានការសង្ស័យទើបកម្លាំងជំនាញបានដាក់កំណត់មុខសញ្ញាស្រាវជ្រាវរហូតតាមឃាត់ខ្លួនទាំងពីរនាក់តែម្តង។

វត្ថុតាងដែលដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ICE ចំនួន០២ដុំធំ ទម្ងន់២ ០៣៦,០៦ក្រាម, ថ្នាំញៀនប្រភេទកេតាមីន KETA MINE ចំនួន០៥ថង់ ទម្ងន់១២,០១ក្រាម , រថយន្តឡុចស៊ីសRX៣០០ ពណ៌ខ្មៅ សេរីឆ្នាំ២០០២ មួយគ្រឿង, ទូរស័ព្ទដៃ០២គ្រឿង ព្រមទាំងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។

បច្ចុប្បន្នជនសង័្សយ រួមជាវត្ថុតាងត្រូវបានកម្លាំងនគរបាលបន្តរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Share.