ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំង សិប្បកម្មដេរសាឡុង ពូក រាលដាលដល់ផ្ទះប្រជាពលរដ្ឋ ក្បែរខាង ឆាបឆេះយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ជាប់របងវត្តវត្តនិរោធ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឃ្លាំងសិប្បកម្មខាងលើ ទំហំ១៥ម៉ែត្រx២០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសីត្រូវភ្លើងឆេះអស់ទាំងស្រុង មានម្ចាស់ឈ្មោះ សុខ ចន្ទី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម រស់នៅទីតាំងកើតហេតុ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា ដើមចម អាចមកពីជាងផ្សារដែកធ្វើឃ្លាំង ជាប់នឹងសិប្បកម្មផលិតសាឡុង ពូក ព្រោះមុនកើតហេតុ កាលពីរសៀលថ្ងៃនេះ ពលរដ្ឋបានឃើញក្រុមជាងផ្សារដែកបានធ្លាក់កម្ទេចផ្កាភ្លើងលើអុីវ៉ាន់ ក៏បានប្រាប់ម្តងហើយដែរ ឲ្យប្រុងប្រយ័ត្ន ស្រាប់តែមកដល់វេលាម៉ោងខាងលើ ខណៈដែលក្រុមជាងផ្សារដែកនៅបន្តការងារ កម្ទេចភ្លើងធ្លាក់ បង្កជាអគ្គិភ័យ ឆាបឆេះឃ្លាំងសិប្បកម្ម យ៉ាងសន្ធោសន្ធៅ ហើយបានរាលដល់ផ្ទះស្តុកក្រដាសអេតចាយ និងផ្ទះពលរដ្ឋជាប់នោះទៀត ។

អគ្គិភ័យនេះបានបំផ្លាញឃ្លាំងសិប្បកម្មអស់ទាំងស្រុង ម៉ាស៊ីនដេរនិងផុងចំនួន ៥គ្រឿង, រថយន្ត PAJAROចំនួន១គ្រឿង, ម៉ូតូហុងដាអ៊ែរប៊្លែក១គ្រឿង និងឆេះរាលដាលដល់ផ្ទះស្តុកក្រដាសអេតចាយ អស់ទាំងស្រុង ចំណែកផ្ទះមួយខ្នងទៀតជាប់នោះរងខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងអាជ្ញាធរបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកពីបណ្តាអង្គភាពផ្សែងៗ សរុបចំនួន២៥គ្រឿង ដើម្បីជួយអន្តរាគមន៍ បាញ់ទឹកឲ្យភ្លើងរលត់ទៅវិញនៅវេលាម៉ោង៦និង៥០នាទី ព្រលប់ថ្ងៃដដែល។ ចំពោះករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវមន្ថែមទៀត៕




