ប្រជាពលរដ្ឋចំនួន១២នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ: ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទាន មីឆាដែលលក់នៅតាមភូមិ។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

បើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ហេតុការណ៍ពុលអាហារនេះ បានកើតឡើងនៅម៉ោង៥ល្ងាច នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយជនរងគ្រោះទាំង១២នាក់ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃដដែល។ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់មន្រ្តីចុះដល់មន្ទីរពេទ្យ ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ៕







