ការប្រកួត​កីឡា​អត្តពលកម្ម​កម្រិត​ទ្វីប​អាស៊ី 2023 Asian Athletics Championships លើក​ទី​២៥ ដាក់​វិញ្ញាសា​ចំនួន​៤៣​អោយ​ប្រកួត​ប្រជែង កំពុង​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន Supachalasai National Stadium​ រាជធានី​បាងកក ប្រទេស​ថៃ ស្រប​ពេល​ដែល​ប្រទេស​អាស៊ាន​ចំនួន​២ហើយ​ដែល​ដណ្តើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ។

សម្រាប់​ប្រទេស​ថៃ មេដាយ​ទាំង​៣គ្រឿង ដណ្តើម​បាន​​ក្នុង​វិញ្ញាសា៖
មេដាយមាស៖ វិញ្ញាសា​រត់​បណ្ដាក់​បុរស (4×100 metres) ដោយ​កីឡាករ Natawat Iamudom, Soraoat Dapbang, Chayut Khongprasit, Puripol Boonson
មេដាយ​ប្រាក់៖ វិញ្ញាសា​ដេកាថ្លុង ដោយ​កីឡាករ Sutthisak Singkhon
មេដាយ​សំរឹទ្ធ៖ វិញ្ញាសា​រត់​បណ្ដាក់​នារី (4×100 metres) ដោយ​កីឡា​ការិនី Supawan Thipat, Supanich Poolkerd, On-Uma Chattha, Athicha Phetkun

អត្ថបទពាក់ព័ន្ធ៖ក្រោយឈ្នះមេដាយនៅស៊ីហ្គេម ឈុន ប៊ុនថន ត្រៀមដណ្ដើមមេដាយប្រចាំទ្វីប នៅលើទឹកដីថៃ

ចំណែក​វៀតណាម វិញ​រក​បាន​មេដាយ​សំរឹទ្ធិ​ដោយ​កីឡា​ការិនី Nguyễn Thị Hường វិញ្ញាសា​​លោត​ចម្ងាយ​នារី។

សម្រាប់​ក្រុម​កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចំនួន​៣រូប​ទៅ​ប្រកួត​ប្រជែង ដោយ​ក្នុង​នោះ​មាន​៖
-កីឡាករ ឈុន ប៊ុនថន ប្រកួត​វិញ្ញាសា ៨០០ម៉ែត្រ​បុរស, ១៥០០ម៉ែត្រ​បុរស
-កីឡាករ ណឹប ចាន់យូរ៉ុង ប្រកួត​វិញ្ញាសា ១០០ម៉ែត្រ​បុរស, ២០០ម៉ែត្រ​បុរស
-កីឡា​ការិនី ពក ពិសី ប្រកួត​​វិញ្ញាសា​លោត​ចម្ងាយ​នារី

អត្ថបទពាក់ព័ន្ធ៖អត្តពលកម្ម អាស៊ី៖ ម្ចាស់ផ្ទះថៃ ប្រើផ្កាដែលមានចំណូលមហាសាល ជូនអត្តពលិកជ័យលាភី

សម្រាប់​ការប្រកួត 2023 Asian Athletics Championships លើក​ទី២៥​ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២ ដល់​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ខណៈ​ការ​ប្រកួត​លើក​ទី២៤ កន្លង​ទៅ​នៅ​ Hangzhou​​ ប្រទេស​ចិន ប៉ុន្តែ ត្រូវ​រំសាយ​វិញ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

សម្រាប់​កម្ពុជា ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​ចំនួន​២​គ្រឿង ក្នុង​ការប្រកួត​លើក​ទី១ កាល​ពី​ឆ្នាំ​១៩៧៣ នៅ​ទី​ក្រុង​ Rizal ប្រទេស​ហ្វីលីពីន (1973 Asian Athletics Championships) កាល​នោះ​ប្រើ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ ហើយ​កីឡាករ Oumvan Narith ឈ្នះ​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ចោលដុំដែក ហើយ​កីឡាករ​ការិនី Proch Thin ឈ្នះ​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ចោលស្ន (Javelin Throw)៕

Share.