ព្រះសីហនុ÷ ជនជាតិចិនម្នាក់បើករថយន្តលឿនដូចហោះ បុករះប៉ះរថយន្ត នឹងម៉ូតូជាច្រើនគ្រឿងលាន់ដូចរន្ទះ កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅបណ្តោយផ្លូវឯករាជ្យ ម្តុំចំណោតអណ្ដូងអន្តាក់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គាត់បានអង្គុយហូបអាហារនៅក្បែរនោះ ស្រាប់តែឃើញរថយន្តសេរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Z. 2915 បោះពួយយ៉ាងលឿន ចុះចំណោតពីវិមានឯករាជ្យទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកគូទរថយន្តម៉ាអាហ្វាត រុញបុកតគ្នាសរុបរយន្ត៣គ្រឿង ម៉ូតូកង់បីមួយគ្រឿង ខូចខាតយ៉ាងដំណង់ និងបណ្តាលឲ្យ របួសធ្ងន់និងស្រាល៣នាក់។ ផ្អើលបងប្អូនប្រជាពលរដ្ឋដែលកំពុងបរិភោគអាហារនៅក្បែរនោះជួយឃាត់ម្ចាស់រថយន្តបង្កជាជនជាតិចិនប្រគល់ជូនសមត្ថកិច្ចសួរនាំ និងចាត់ការបន្តតាមនិតិវិធី។

តាមការលើកឡើងពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះអាចចាត់ទុកជាមហាសំណាងមួយដែរ ព្រោះតាមផ្លូវឯករាជ្យនេះជាកន្លែងលក់ចំណីអាហារពេលយប់ គឺមានមនុស្សច្រើនណាស់ដែលអង្គុយហូបអាហារនៅខឿនម្ខាងនៃផ្លូវ។ ដោយសារតែរថយន្តបង្កបន្ទាប់ពីបុកអារះម៉ូតូនិងរថយន្តជាច្រើនគ្រឿងហើយបានដាច់កង់ទៅលើចិញ្ចើមខឿនផ្លូវ កុំអីមិនដឹងមនុស្សប៉ុន្មាននាក់ទៀតនោះទេដែលរងរបួស ឬអាចបាត់បង់ជីវិតក៏ថាបាន៕





