សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet)នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។
វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានប្រកាសសាងសង់ជាសាធារណៈក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ បារាំង-កម្ពុជា។
ក្នុងពិធីសម្ពោធនោះដែរ សម្តេចហ៊ុន សែនបញ្ជាក់ថា ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ.
យោងតាមឯកសារបង្ហាញថា យ៉ាងហោចណាស់ មានទាហានខ្មែរ ១៥០នាក់ និងទាហានបារាំងដែល រស់នៅប្រទេសកម្ពុជា ជាង៣០ នាក់ បានស្លាប់ នៅក្នុងសង្រ្គាមលោកលើកទី១។ នៅឆ្នាំ ១៩២៥ រដ្ឋាភិបាលបារាំងបានសង់វិមានដែលមានរូបពីរ នៅមុខស្ថានទូតបារាំង ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែវិមាននោះត្រូវបានពួកខ្មែរក្រហមវាយកម្ទេចចោលនៅឆ្នាំ១៩៧៥នៅពេលដែលពួកគេបានចូលកាន់កាប់ទីក្រុងភ្នំពេញបន្ទាប់ពីបានទទួលជ័យជម្នះ លើទាហានរបស់សេនាប្រមុខលន់ នល់៕





