សិល្បៈ​ជាតិ​៖ បទ​ចម្រៀង​ «ទេវរាជ​» របស់​អ្នក​នាង​ ទេព បូព្រឹក្ស ​បាន​​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣​ ត្រូវ​នឹង​ខួប​កា​រដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO លើក​ទី​១៥ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។

បទ​ចម្រៀង​ដែល​មាន​អត្ថន័យ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​មួយ​នេះ​​​ទទួល​បាន​ការ​សាទរ​និង​ពេញ​ចិត្ត​ពេញ​ថ្លើម​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ខ្មែរ​ ប៉ុន្តែ​ក៏​មាន​ជនជាតិ​ថៃ​មួយ​ភាគ​តូច​បាន​ចេញ​មក​ឡាំប៉ា​មិន​ពេញ​ចិត្ត​ព្រម​ទាំង​ចោទ​ប្រកាន់​ថា​បទ​ចម្រៀង​នេះ​តារា​ចម្រៀង​ល្បី​របស់​ខ្មែរ​ចង់​សំដៅ​ដល់​ជនជាតិ​ថៃ​។

យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​ថៃ​នេះ​ មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ឡើយ​ ព្រោះជា​រឿយ​ៗ​ជនជាតិ​ថៃ​តែង​តែ​និយម​រើស​ដាក់​ខ្លួន​ ម្យ៉ាង​​​វា​គឺ​ជា​ការ​យល់​ឃើញ​​របស់​ជនជាតិ​គេ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​​មាន​ការ​ហួស​ចិត្ត​ខ្លាំង​នោះ​គឺ​នៅពេល​ដែល​មាន​កូន​ខ្មែរ​ម្នាក់​បែរ​ជា​ចេញ​មក​​បង្ហាញ​ទស្សនៈ​ដែល​ហាក់​ដូច​ជា​ចូល​ដៃ​​ជាមួយ​សាសន៍​គេ​ទៅវិញ​នោះ​ទេ ដែល​បង្កើត​ឱ្យ​មាន​ការ​ប្រតិកម្ម​ពី​សំណាក់​អ្នក​គាំទ្រ​អ្នក​នាង​ទេព​ បូព្រឹក្ស និង​លោក​ ជី ដេវីត។

«ដោយសារ​តែ​ភាព​ច្រណែន​…ធ្វើ​ឱ្យ​២​នាក់​ប្ដី​ប្រពន្ធ​ និង​ធ្វើ​អ្វី​ដោយ​ការ​មិន​បាន​គិត​។ ដោយ​សារ​… ល្បី​នៅ​ថៃ​ មាន​ទីផ្សារ​ច្រៀង​នៅ​ថៃ​ មាន​តារា​ថៃ​សហការ​ច្រើន​ នរណា​ដឹង​ដែរ​ថា​ថៃ​និង​ខ្មែរ​មាន​ទំនាស់​រឿង​ហ្នឹង​ច្រើន​លើក​ច្រើន​សារ​ តែ​នៅ​តែ​ធ្វើ​ គួរ​តែ​សាង​មិត្ត​ប្រសើរ​ជាង​សត្រូវ​។…ហត់​ពេក​ហើយ​….ធ្វើ​ផ្លូវ​ តែ​២​នាក់​ប្ដី​ប្រពន្ធ​នឹង​យក​ឧបសគ្គ​មក​បាំង​ផ្លូវ ​សំខាន់​​ប្ដី​ផុស​ចង់​ហូប​បបរសាច់…»

​​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ផេក​អ្នក​គាំទ្រ​លោក​ ជី​ដេវីត ដែល​មាន​ឈ្មោះ​ថា​ «Ditways Forever» Capture ​យក​បង្ហោះ​ចែក​ចាយ​ ព្រម​ជាមួយ​នឹង​សំណេរ ប្រតិកម្ម​ចំពោះ​ការ​លើក​នេះ​​យ៉ាង​ដូច្នេះ​ថា៖ «គាំទ្រ​អ្នកណា​ជា​សិទ្ធ​របស់​អ្នក​ ​តែ​កុំ​ហួសហេតុ​បែប​នេះ​ ​បើ​អ្នក​យល់​ត្រូវ​ថា​ខុស​ ​វា​ជា​សិទ្ធ​ វា​ជា​គំនិត​ដ៏​អគតិ​របស់​អ្នក​ ​តែ​អ្នក​មិន​មាន​សិទ្ធ​ប្រមាថ​មើល​ងាយ​គេ​នោះ​ទេ​ ​ខ្ញុំ​សូម​ផ្តាំ​!​ អ្នក​ឯង​ក៏​មិន​រួច​ខ្លួន​ដែរ​។​ ​ពួក​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​ ​Idol​ ​របស់​ខ្ញុំ​មាន​ស្នាដៃ​ល្អ​ៗ​ សរសេរ​រៀប​រាប់​លើក​ពី​ប្រវត្តិសាស្ត្រ​ ​មិនមែន​សរសេរ​លើក​តែ​ពី​ខ្លួន​ឯង​ទេ​!​ ហើយ​ពួក​ខ្ញុំ​ប្រហែល​ជា​មាន​សំណាង​ជាង​ពួក​ឯង​ ​ដែល​បង​ដេវីត​ ​មាន​ Channel Telegram ​របស់​គាត់​ តែង​តែ​និយាយ​លេង​ជាមួយ​អ្នក​គាំទ្រ​គាត់​ ​ពេល​ខ្លះ​ក៏​ជួយ​ណែនាំ​ដល់​អ្នក​គាំទ្រ​គាត់​ ​អ្វី​ដែល​គួរ​ធ្វើ​ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​ Channel Telegram ​មាន​ដូច​គ្នា​ ​អ្នក​ឯង​ ​ឬ​ក្រុម​ការងារ​អ្នក​ឯង​ គួរ​តែ​ណែនាំ​អ្នក​គាំទ្រ​ផង​!​ ​ការ​ទប់ស្កាត់​វា​មិន​បាន​លុប​បំបាត់​ទាំង​ស្រុង​នោះ​ទេ​ តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​ខ្លះ​ដែរ​។​ ​អ្នក​ធ្វើ​ ​FanPage ​ទាំង​ឡាយ ​មិន​ថា​ ​Facebook ​ឬ ​TikTok ​អ្នក​គួរ​តែ​អាណិត​ ​Idol របស់​អ្នក​ផង​។​ ​សម្រាប់ Idol ​របស់​ពួក​ខ្ញុំ ​ពួក​ខ្ញុំ​ចេះ​មើល​ថែរ​ហើយ​!​»

បន្ទាប់​ពី​បញ្ចេញ​សារ​នេះ​រួច​គេ​មើល​ឃើញ​ថា​មាន​ការ​ចូល​មក​គាំទ្រ​ជា​ច្រើន​ ដោយ​ម្នាក់​ៗ​បាន​បង្ហាញ​ការ​មិន​គាំទ្រ​និង​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​នោះ​ឡើយ​ ហើយ​ភាគ​ច្រើន​គេ​បាន​យក​ពាក្យ​កំពុង​ពេញ​និយម​​មក​ប្រៀប​ថា​ឱ្យ​ហ្វេន​ម្នាក់​នោះ​​ថា​ «ហ្វេន​បែប​ថៃ​»

មែនទែន​ទៅ​! នៅ​ក្នុង​អត្ថន័យ​របស់​តារា​ចម្រៀង​ ទេព បូព្រឹក្ស​ មិន​បាន​និយាយ​ចំៗ​ដោយ​ចំហរ​ថា​ជា​សត្រូវ​ជា​ប្រទេស​ណា ឬ​ជា​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​លើក​យក​អត្ថន័យ​ប្រៀប​ធៀប​នឹង​លើក​យក​មក​​​រៀប​រាប់​ពី​ប្រវត្តិសាស្ត្រ ខ្មែរ​ បញ្ចូល​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​តែ​ប៉ុណ្ណោះ​ ហើយ​បទ​នេះ​ដែរ​ ក៏​មិន​ខុស​ពី​បទ​មុន​របស់​តារា​ចម្រៀង​នោះ​ដែរ​ គឺ​បទ​ចម្រៀង​ដែល​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ការ​កម្សាន្ត​សម្រាប់​ អ្នក​និយម​ចូលចិត្ត​ស្ដាប់​ចម្រៀង​នោះ​ឡើយ​ តែ​មាន​បង្កប់​និង​បញ្ចូល​សារ​លើក​ពី​ប្រវត្តិសាស្ត្រ​ឱ្យ​កូន​ខ្មែរ​បាន​ស្ដាប់​ហើយ​ អាច​យក​ទៅ​សិក្សា​បន្ថែម​បាន​៕

​​​​

Share.