
គិតត្រឹមម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១៥ កក្កដា នេះ ប្រទេសជប៉ុន ដណ្ដើមបានមេដាយមាសច្រើនជាងគេ ចិនលេខ២ ឥណ្ឌា លេខ៣ ក្នុងការប្រកួតកីឡាអត្តពលកម្មកម្រិតទ្វីបអាស៊ី 2023 Asian Athletics Championships ដែលកំពុងរៀបចំនៅប្រទេសថៃ ស្របពេលប្រទេសអាស៊ាន ៤ហើយដែលបានឈ្នះមេដាយមានម្ចាស់ផ្ទះថៃ សរុប ៥គ្រឿង(មាស១,ប្រាក់១,សំរឹទ្ធ៣) វៀតណាម សំរឹទ្ធ១គ្រឿង ហ្វីលីពីន មាស១គ្រឿង និងសិង្ហបុរី មាស ១គ្រឿង ក្នុងព្រឹត្តិការណ៍នេះ។
តារាងមេដាយប្រទេសដណ្ដើមបានក្នុងការប្រកួតកីឡាអត្តពលកម្មកម្រិតទ្វីបអាស៊ី 2023 Asian Athletics Championships គិតត្រឹមម៉ោង៥:30នាទីល្ងាច ថ្ងៃទី១៥ កក្កដានេះ៖
| លេខរៀង | ក្រុម | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឺទ្ធ | មេដាយសរុប |
| ១ | ជប៉ុន | ១១ | ១០ | ៦ | ២៧ |
| ២ | ចិន | ៥ | ៧ | ៣ | ១៥ |
| ៣ | ឥណ្ឌា | ៥ | ១ | ៤ | ១០ |
| ៤ | កាហ្សាក់ស្ថាន | ១ | ២ | ១ | ៤ |
| ៥ | *ថៃ | ១ | ១ | ៣ | ៥ |
| ៦ | កាតា | ១ | ១ | ០ | ២ |
| ៧ | ស្រីលង្កា | ១ | ០ | ២ | ៣ |
| ៨ | ហ្វីលីពីន | ១ | ០ | ០ | ១ |
| ៩ | សិង្ហបុរី | ១ | ០ | ០ | ១ |
| ១០ | អុីរ៉ង់ | ០ | ២ | ១ | ៣ |
| ១១ | អ៊ូសបេគីស្ថាន | ០ | ២ | ១ | ៣ |
| ១២ | អារ៉ាប៊ីសាអូឌីត | ០ | ១ | ១ | ២ |
| ១៣ | កូរ៉េខាងត្បូង | ០ | ០ | ២ | ២ |
| ១៤ | គុយវ៉ែត | ០ | ០ | ១ | ១ |
| ១៥ | ម៉ុងហ្កោលី | ០ | ០ | ១ | ១ |
| ១៦ | វៀតណាម | ០ | ០ | ១ | ១ |
| ២៧ | ២៧ | ២៧ | ៧១ |
សម្រាប់ក្រុមកម្ពុជា បានបញ្ជូនអត្តពលិកចំនួន៣រូបទៅប្រកួតប្រជែង ដោយក្នុងនោះមាន៖
-កីឡាករ ឈុន ប៊ុនថន ប្រកួតវិញ្ញាសា ៨០០ម៉ែត្របុរស, ១៥០០ម៉ែត្របុរស
-កីឡាករ ណឹប ចាន់យូរ៉ុង ប្រកួតវិញ្ញាសា ១០០ម៉ែត្របុរស, ២០០ម៉ែត្របុរស
-កីឡាការិនី ពក ពិសី ប្រកួតវិញ្ញាសាលោតចម្ងាយនារី
ដោយការប្រកួតនៅថ្ងៃនេះ កីឡាករ ឈុន ប៊ុនថន ប្រកួតវិញ្ញាសា ៨០០ម៉ែត្របុរស អស់ឱកាសឡើងទៅកាន់វគ្គបន្តហើយ ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១១ ដោយប្រើថេរវេលា ១:៥០:០៩នាទី។

សម្រាប់ការប្រកួត 2023 Asian Athletics Championships លើកទី២៥ ធ្វើឡើងពីថ្ងៃទី១២ ដល់១៦ ខែកក្កដា ឆ្នាំ២០២៣ នឹងបានដាក់វិញ្ញាសាចំនួន៤៣ ឲ្យប្រកួតប្រជែង នៅពហុកីឡដ្ឋាន Supachalasai National Stadium រាជធានីបាងកក ប្រទេសថៃ ខណៈការប្រកួតលើកទី២៤ កន្លងទៅនៅ Hangzhou ប្រទេសចិន ប៉ុន្តែ ត្រូវរំសាយវិញ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
កន្លងសម្រាប់កម្ពុជា ធ្លាប់ឈ្នះមេដាយសំរឹទ្ធិចំនួន២គ្រឿង ក្នុងការប្រកួតលើកទី១ កាលពីឆ្នាំ១៩៧៣ នៅទីក្រុង Rizal ប្រទេសហ្វីលីពីន (1973 Asian Athletics Championships) កាលនោះប្រើឈ្មោះជាសាធារណរដ្ឋខ្មែរ ហើយកីឡាករ Oumvan Narith ឈ្នះមេដាយសំរឹទ្ធិវិញ្ញាសាចោលដុំដែក ហើយកីឡាករការិនី Proch Thin ឈ្នះមេដាយសំរឹទ្ធិវិញ្ញាសាចោលស្ន (Javelin Throw)៕



