កីឡាករ ឈុន ប៊ុនថន បាន​បង្ហោះ​សា​នៅ​លើក​ហ្វេស​បុក​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួតក្នុងការប្រកួត​កីឡា​អត្តពលកម្ម​កម្រិត​ទ្វីប​អាស៊ី 2023 Asian Athletics Championships ដែលកំពុង​រៀបចំ​នៅប្រទេស​ថៃ ថា៖«គ្រោះថ្នាក់ពេលប្រកួត។ សុំទោស​បង​ប្អូន​ខ្ញុំព្យា​យាម​អស់ហើយបានត្រឹមបំបែកកំណត់ត្រាប្រទេសជាតិ ខ្ញុំសន្យា​ថា​ខ្ញុំ​នឹង​ប្រឹង​ហ្វឹក​ហាត់​ឱ្យ​ខ្លាំង​ជាង​មុនទៀតដើម្បីកេត្តិយសកម្ពុជាក្នុងវិស័យកីឡារត់ប្រណាំង»។

ដោយ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ កីឡាករ ឈុន ប៊ុនថន ប្រកួត​វិញ្ញាសា ៨០០ម៉ែត្រ​បុរស អស់​ឱកាស​ឡើង​ទៅកាន់​វគ្គបន្តហើយ ក្រោយ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ១១ ដោយ​ប្រើ​ថេរវេលា ១:៥០:០៩នាទី។

សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បាន​បញ្ជូនប្រតិភូគ្រូបង្វឹក និង​អត្តពលិក​ចំនួន ៥រូបចូលរួម​ប្រកួត​កីឡា​អត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ (2023 Asian Athletics Championship) នៅ​ទីក្រុងបាងកក ប្រទេសថៃ ដែល​ការប្រកួតប្រព្រឹត្តទៅ។ ក្នុងនោះ​អត្តពលិក​ចំនួន​៣រូប​ទៅ​ប្រកួត​ប្រជែង ដោយ​ក្នុង​នោះ​មាន​៖

-កីឡាករ ឈុន ប៊ុនថន ប្រកួត​វិញ្ញាសា ៨០០ម៉ែត្រ​បុរស, ១៥០០ម៉ែត្រ​បុរស
-កីឡាករ ណឹប ចាន់យូរ៉ុង ប្រកួត​វិញ្ញាសា ១០០ម៉ែត្រ​បុរស, ២០០ម៉ែត្រ​បុរស
-កីឡា​ការិនី ពក ពិសី ប្រកួត​​វិញ្ញាសា​លោត​ចម្ងាយ​នារី

គិតត្រឹម​ម៉ោង៥:៣០នាទីល្ងាច​ ថ្ងៃទី១៥ កក្កដា នេះ ប្រទេស​ជប៉ុន ដណ្ដើម​បាន​មេដាយ​មាសច្រើន​ជាង​គេ​ ចិនលេខ២ ឥណ្ឌា លេខ៣ ស្រប​ពេល​​ប្រទេស​អាស៊ាន​ ៤ហើយដែលបាន​ឈ្នះ​មេដាយ​មាន​ម្ចាស់​ផ្ទះថៃ សរុប ៥គ្រឿង(មាស១,ប្រាក់១,សំរឹទ្ធ៣) វៀតណាម សំរឹទ្ធ១គ្រឿង ហ្វីលីពីន មាស​១គ្រឿង និងសិង្ហបុរី មាស ១គ្រឿង ក្នុង​ព្រឹត្តិការណ៍​នេះ។

សម្រាប់​ការប្រកួត 2023 Asian Athletics Championships លើក​ទី២៥​ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២ ដល់​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ នឹងបានដាក់​វិញ្ញាសា​ចំនួន​៤៣​ ឲ្យ​ប្រកួត​ប្រជែង ​នៅពហុ​កីឡដ្ឋាន Supachalasai National Stadium​ រាជធានី​បាងកក ប្រទេស​ថៃ ខណៈ​ការ​ប្រកួត​លើក​ទី២៤ កន្លង​ទៅ​នៅ​ Hangzhou​​ ប្រទេស​ចិន ប៉ុន្តែ ត្រូវ​រំសាយ​វិញ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩៕

Share.