ឯកឧត្តម ហ៊ុន សាន ដែលជារៀមច្បងក្នុងចំណោមបងប្អូនបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន»។ នេះបើតាមព្រះរាជក្រឹត្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានមុខតំណែងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ការទទួលបានគោរមងាររបស់អ្នកឧកញ៉ា បានធ្វើឱ្យមហាជនមួយចំនួនមានការនឹករលឹកដល់លោកតាព្រឹទ្ធាចារ្យ ហ៊ុន នាង ដែលកាលពីនៅមានព្រះជន្ម លោកមានគោរមងារថា «អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី​​ ហ៊ុន នាង»។ ចំណែករៀមច្បងទី២របស់សម្ដេចតេជោ ក៏ទទួលគោរមងារពីព្រះមហាក្សត្រដែរ គឺ«សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង» ប៉ុន្តែសម្ដេចមានគោរមងារនៅក្រោយការទទួលមរណភាព៕

Share.