ស្វាយរៀង ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿន រេចង្កូតជ្រុលទៅបុកក្បាលនាគទ្រូងផ្លូវ បណ្តាលឲ្យប៉ើងរលំបាក់អស់៣កង់ បាក់ទាំងបង្គោលភ្លើង កល់ជាប់ពីក្រោម ទៅមុខលែងរួចកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ១ ចំណុចរង្វង់មូលរូបគោ៤ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ក្រហម លាយទឹកប្រាក់ ពាក់ស្លាកលេខតាកែវ 3A-2952 អូសសណ្តោងរុឺម៉ក ផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0823 បើកបរល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ រេចង្កូតបុកក្បាលនាគទ្រូងផ្លូវ បាក់ប៉ើងរលំអស់៣កង់កល់ជាប់ពីក្រោមទៅមុខលែងរួច បាក់ទាំងបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម រថយន្តខ្ទេចមុខមួយចំហៀង អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចអូសយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋជាក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

