ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកស្រាបៀរមួយគ្រឿង កំពុងបើកថយក្រោយចេញពីការ៉ាស់ ត្រូវបានរថយន្តធុនធំដឹកទំនិញមកពីវៀតណាមមួយគ្រឿងទៀតបើកលឿនជ្រុលបុកពីទទឹង បណ្តាលឲ្យរងខូចខាតខ្ទេចទាំង២គ្រឿង តែមិនបង្ករបួសដល់មនុស្ស។ មូលហេតុមួយនៃគ្រោះថ្នាក់នេះ​ គឺដោយសារតែថយន្តបើកថយក្រោយ គ្មានអ្នកជំនួយធ្វើសញ្ញាចរាចរណ៍ពីក្រោយ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែង មុនកើតហេតុរថយន្តកុងតឺន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5999 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6355 ដឹកស្រាបៀរ បើកថយក្រោយចេញពីការ៉ាស់ កន្ទុយរុឺម៉កកំពុងឡើងកាត់ទទឹងផ្លូវជាតិលេខ៣ ស្រាប់តែរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-8463 ដឹកទំនិញមកពីប្រទេសវៀតណាម បើកល្បឿនលឿនពីត្បូងទៅជើង ទប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យធ្លាក់ទំនិញរាយប៉ាយ រថយន្តរងខូចខាតទាំង២គ្រឿងនៅជាប់ពេញផ្លូវ ។

បើតាមប្រជាពលរដ្ឋ ការ៉ាស់រថយន្តដឹកទំនិញខាងលើ ត្រូវបានសង្កេតឃើញថាមានរថយន្តបង្កគ្រោះថ្នាក់ជាច្រើនលើកច្រើនសារមកហើយ ដោយបើកចេញចូលមិនមានអ្នកជំនួយធ្វើសញ្ញាចរាចរណ៍។ ជាទូទៅបើរថយន្តត្រូវបើកទៅទិសខាងត្បូង ក្រុមរថយន្តទាំងនោះបើកបរលើផ្លូវបញ្ច្រាសផ្លូវទៅវិញ ជាដើមចមនាំឲ្យកើតមានគ្រោះថ្នាក់ ដូចករណីខាងលើ រថយន្តថយគ្មានអ្នកជំនួយជាសញ្ញាចរាចរណ៍ក៏ជួបគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុ ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ ប្រគល់រថយន្តទាំង២គ្រឿងទៅខាងការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ ហើយតំណាងក្រុមហ៊ុនរថយន្តទាំងសងខាងក៏បានមកសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ដោយស្ទូចយករថយន្តទៅជួសជុលរៀងខ្លួន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.