មេដឹកនាំជួរមុខ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ ថា លោកនឹងដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្រ្តី ប្រសិនបើសភាមិនគាំទ្រនៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ នៅសប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកសភាដែលតែងតាំងដោយយោធាបោះឆ្នោតមិនគាំទ្ររូបលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

គណបក្សចលនាឆ្ពោះទៅមុខ របស់លោក Pita Limjaroenrat បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីខែឧសភា ដែលគាំទ្រដោយយុវជនថៃជាច្រើន ដែលចង់បានកំណែទម្រង់ថ្មី ដើម្បីមានរីកចម្រើនបន្ទាប់ពីការគ្រប់គ្រងរយៈពេល៩ឆ្នាំ ដែលគាំទ្រដោយយោធា។

ប៉ុន្តែគណបក្សរបស់មហាសេដ្ឋីវ័យក្មេង ដែលធ្លាប់ទទួលការអប់រំនៅសាកលវិទ្យាល័យ Harvard ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ទទួលការបរាជ័យនៅក្នុងការបោះឆ្នោតសភាជុំដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយសមាជិកព្រឹទ្ធសភា ចាត់ទុកការសន្យាការធ្វើកំណែទម្រង់ច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់លោក Pita នៅចំណុចបន្ទាត់ក្រហមយ៉ាងតឹងរឹង។

សភារៀបចំការបោះឆ្នោតជាលើកទី២ សម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃពុធ ទី១៩ ខែកក្កដា ហើយលោក Pita បាននិយាយថា «លោកនឹងគាំទ្របេក្ខភាពមកពីគណបក្សចម្រុះទាំង៨ គឺ គណបក្សភឿថៃ ប្រសិនបើលោកនៅតែបរាជ័យក្នុងការឈ្នះការបោះឆ្នោតដែលធ្វើឡើងជាលើកទី២ ម្តងទៀត»។

លោកបាននិយាយក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គមថា៖ «ខ្ញុំសូមអរគុណចំពោះការគាំទ្រ និងការលើកទឹកចិត្តពីប្រជាជន ប៉ុន្តែខ្ញុំសូមអភ័យទោសដែលយើងមិនបានជោគជ័យ។ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱកាសឲ្យប្រទេសថៃ ដោយទុកឲ្យគណបក្សដែលមានសំឡេងឆ្នោតច្រើនជាងគេទី២ ជាអ្នកបង្កើតដឹកនាំរដ្ឋាភិបាលបន្ទាប់»។

លោក Pita បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃ ក្នុងជុំទី១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីឡើយ ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធនេះ ហើយអាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រី ១រូបទៀត មកធ្វើការប្រកួតប្រជែងផងដែរ។
ថ្វីត្បិតបរាជ័យក្នុងជុំដំបូងក៏ពិតមែន គណបក្សចលនាឆ្ពោះទៅមុខនៅតែមិនបោះបង់ការធ្វើកំណែទម្រង់របស់ខ្លួនដែលបានឃោសនាកាលពីកន្លងឡើយ។
ទោះជាយ៉ាងណាក្ដី ប្រធានគណបក្សចលនាឆ្ពោះទៅមុខ Pita Limjaroenrat និយាយថា លោកនឹងមិនចុះចាញ់ឡើយ ហើយបើពឹងតែគណបក្សរបស់លោកតែមួយ ក៏មិនអាចយកឈ្នះទឹកចិត្ត និងគំនិងរបស់សមាជិកព្រឹទ្ធិសភានោះដែរ លុះត្រាតែមានការគាំទ្រពីប្រជាជនថៃទាំងអស់៕

