ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រឡេកឃើញម៉ូតូគេចតទុកមុខផ្ទះ ឆ្លៀតឱកាសដើរចូលទៅលួច ម្ចាស់ឃើញទាន់ស្រែកឆោឡោ ផ្អើលអ្នកភូមិចាប់ខ្លួន ខ្លះបង្កហិង្សាដាក់ (ស្វាគមន៍មួយដៃ មួយជើង) រួចប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អុឹម គឹមកង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-8541 ជាកម្មសិទ្ធរបស់ឈ្មោះ អុឹង វិសាល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងនៅចំណុចខាងលើ តែម្ចាស់ទាន់ ស្រែកផ្អើលអ្នកភូមិចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ច នាំចូលសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

