ក្រុមអ្នកគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ បានបើកការប្រមូលផ្តុំគ្នា តាមម៉ូតូ ឬ រថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការលាលែងពីតំណែង ចំពោះសមាជិកព្រឹទ្ធសភាដែលអវត្តមានក្នុងអំឡុងពេលសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ការតវ៉ាដែលដឹកនាំដោយសកម្មជននយោបាយ Arnon Nampa បានចាប់ផ្តើមនៅវិមានប្រជាធិបតេយ្យនៅម៉ោង ១រសៀល ដោយក្បួនបានធ្វើដំណើរឆ្ពោះទៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក នៅសង្កាត់ Pathum Wan ។

លោក Arnon បាននិយាយថា លោកបានអំពាវនាវឲ្យមានប្រមូលផ្តុំនេះ ដើម្បីទាមទារឱ្យសមាជិកព្រឹទ្ធសភាដែលមិនបានបង្ហាញខ្លួននៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ លាលែងពីតំណែងដូច្នេះបេក្ខជននាយករដ្ឋមន្ត្រី Pita Limjaroenrat នឹងមិនត្រូវការ ៣៧៥សំឡេង ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ។
បើតាមរដ្ឋធម្មនុញ្ញថៃ គឺតម្រូវឱ្យនាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយសំឡេងភាគច្រើនញពីសភាទាំង២ ដែលបច្ចុប្បន្នមានសមាជិកសភាចំនួន ៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៤៩នាក់ ខណៈសមាជិកព្រឹទ្ធសភាមួយរូប បានលាលែងពីតំណែងកាលពីថ្ងៃពុធ សប្ដាហ៍មុន។

កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាចំនួន២០៦នាក់ បានចូលរួមក្នុងការបោះឆ្នោតសភា ខណៈសមាជិក ៤៣រូបអវត្តមាន។ ក្នុងចំណោមអ្នកដែលមានវត្តមាន មានតែ ១៣សំឡេងប៉ុណ្ណោះបានបោះឆ្នោតឲ្យលោក ភីតា , ៣៤សំឡេងប្រឆាំង និង១៥៩អនុប្បវាទ។ ក្នុងនោះអគ្គមេបញ្ជាការកំពូល មេកងកម្លាំងប្រដាប់អាវុធទាំង៣ និងអគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងចំណោមអ្នកដែលអវត្តមានក្នុងកិច្ចប្រជុំ។

លោក Arnon បាននិយាយថា ក្រុមរបស់លោកចង់ដាក់សំណើសុំលាលែងពីតំណែងទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអគ្គស្នងការនគរបាលជាតិដោយផ្ទាល់ ដូច្នេះក្បួនដង្ហែនឹងផ្លាស់ទីទៅកាន់ទីស្នាក់ការពាក់ព័ន្ធ មុនពេលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលសិល្បៈ។
សកម្មជនរូបនេះ បានបន្ថែមថា ការជួបជុំនេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញសមាជិកព្រឹទ្ធសភា ឲ្យគោរពសំឡេងរបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ដែលក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខបានយកឈ្នះសមាជិកសភាចំនួន ១៥១រូប។

លោកបន្ដថា «សកម្មភាពនេះគឺចង់បង្កើនសម្ពាធលើសមាជិកព្រឹទ្ធសភា។ យើងចង់ក្រើនរំឭកសមាជិកព្រឹទ្ធសភា និងសមាជិកសភាឲ្យមានមនសិការនយោបាយត្រឹមត្រូវ ហើយយើងចង់ប្រាប់ប្រជាជនថៃទាំងអស់ឲ្យដឹងពីសារៈសំខាន់នៃការបោះឆ្នោតរបស់ពួកគេផងដែរ»។
លោក បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅសភា កាលពីថ្ងៃព្រហស្បតិ៍ គឺស្មើនឹងប្រជាជនថៃទាំងអស់បានប្លន់សន្លឹកឆ្នោត ដែលពួកគេបានបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា។ ដូច្នេះ ប្រជាជនគួរតែរួមកម្លាំងដើម្បីប្រយុទ្ធម្តងទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់ពួកយើងចង់បាន។

លោកបានបន្ថែមថា ប្រសិនបើលោក Pita បរាជ័យក្នុងការទទួលបានសំឡេងគាំទ្រម្តងទៀតក្នុងការបោះឆ្នោតជុំទី២ នាថ្ងៃពុធ សប្ដាហ៍នេះ ដៃគូចម្រុះទាំង៨ គួរតែនៅបន្ដរួបរួមគ្នាដើម្បីជំរុញឱ្យការបោះឆ្នោតរបស់លោក Pita ទទួលបានជោគជ័យ ព្រោះថា ប្រធានគណបក្សចលនាឆ្ពោះទៅមុខ មានភាពស្របច្បាប់ និងត្រឹមត្រូវខ្ពស់បំផុតក្នុងការក្លាយជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក Thossapol Amphaipipatkul មេបញ្ជាការប៉ុស្តិ៍នគរបាល Samrarnrat បាននិយាយថា ក្រុមរបស់លោក Arnon បានសុំការអនុញ្ញាតពីប៉ូលីស ដើម្បីរៀបចំការប្រមូលផ្តុំក្បួនរថយន្ត ពីវិមានប្រជាធិបតេយ្យ ទៅកាន់មជ្ឈមណ្ឌលសិល្បៈ។
លោក Thossapol បាននិយាយថា ក្រុមបាតុករត្រូវបានហាមប្រាមមិនឲ្យបិទលំហូរចរាចរណ៍ ឬ ផ្លូវបំបែក។ ប៉ូលិសបានបែងចែកផ្លូវជាក់លាក់មួយ សម្រាប់ក្រុមបាតុករដើម្បីបន្តទៅមុខដើម្បីកាត់បន្ថយការប៉ះពាល់ដល់ការកកស្ទះចរាចរណ៍ ហើយប៉ូលិសនឹងតាមដានរហូតដល់ពួកគេទៅដល់គោលដៅចុងក្រោយ៕

