ស្វាយរៀង ៖ មនុស្ស២នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកគោយន្តកន្ត្រៃដឹកចំបើង បើកសុខៗដាច់កង់ រេទាញចង្កូតទៅបំណែកផ្លូវម្ខាងទៀត គាប់ជួនរថយន្តបែនយុីឌុបបើកច្រាសទិសមកដល់គេចមិនផុត ជ្រុលបុកប៉ើងធ្លាក់ផ្លូវដាច់គោយន្តជាពីរ ឯរថយន្តក្រឡាប់ផ្ងារជើង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១ ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនប្រភេទយុីឌុប ម៉ាកនីសាន់ ពាក់ស្លាកលេខ ស្វាយរៀង 3A-7979 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តកន្ត្រៃដឹកចំបើងបើកពីកើតទៅលិចស្រាប់តែ ដាច់កង់ម្ខាងរេចង្កូតទៅឆ្វេង កាត់ពីមុខរថយន្ត ហ្វ្រាំងមិនទាន់ជ្រុលបុកប៉ើងធ្លាក់ផ្លូវដាច់គោយន្តជាពីរកំណាត់ របួសធ្ងន់២នាក់។ រីឯរថយន្តក្រឡាប់ផ្ងារជើងបោកទៅប៉ះរោងនៅចិញ្ចើមផ្លូវ អ្នកបើកបរលូនចេញរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿងរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕



អត្ថបទ៖ តាតុងសែនជ័យ

