ព្រៃវែង ៖ ជនដៃដល់ម្នាក់បានប្រើកាំបិតផ្គាក់កាប់ស្រ្តីរងគ្រោះស្លាប់នៅកន្លែងកើតហេតុភ្លាមៗ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ ហេតុការណ៍នេះ កើតឡើងនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ តាមព័ត៌មានបឋម ជនដៃដល់បានកាប់ទៅលើជនរងគ្រោះ ដោយសារតែខឹងនឹងការនិយាយដៀមដាមថាខ្លួនជាអ្នកជួញដូរគ្រឿងញៀន។

ជនសង្ស័យ ឈ្មោះ ចិន គឹមហ័រ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ លាង សុជា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានរអ៊ូដាក់ជនរងគ្រោះ ព្រោះតែជនរងគ្រោះដើរនិយាយដៀមដាមថាខ្លួនជួញដូរគ្រឿងញៀន បន្ទាប់មកក៏ដើរទៅផ្ទះរៀងខ្លួនបាត់ទៅ។ លុះព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខណៈស្ត្រីរងគ្រោះកំពុងរុញរទេះដឹកកូនតូច១ខួបតាមផ្លូវ ជនដៃដល់ក៏ស្ទុះទាញកាំបិតផ្គាក់ទៅកាប់ជនរងគ្រោះជាច្រើនកាំបិត។
តាមការពិនិត្យដោយកម្លាំងសមត្ថកិច្ច ជនរងគ្រោះត្រូវជនសង្ស័យកាប់ចំខ្នងចំនួន២កន្លែង, ក្បាលចំនួន២កន្លែង, ដៃឆ្វេងចំនួន២កន្លែង។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងដល់ប្រជាពលរដ្ឋក្នុងភូមិ និងប្រជាពលរដ្ឋជាដំណើរតាមដងផ្លូវនៅតំបន់នោះ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ នាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ

