យោងតាមនាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ព្យុះត្រូពិច Talim ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅភាគខាងជើងប្រទេសវៀតណាមនាថ្ងៃពុធ ទី១៩ ខែកក្កដា នេះ ហើយទំនងជានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅភាគខាងជើង ភាគឦសាន ភាគខាងកើត ភាគខាងត្បូង និងកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS World នាថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវទឹក និងតាមជើងភ្នំ ត្រូវបានណែនាំឲ្យទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចកើតមានភ្លាមៗ។

ព្យុះនេះកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយកំពុងរំកិលបន្តិចម្តងៗ ទៅភាគខាងលិចឆ្ពោះទៅកោះ Hainan របស់ប្រទេសចិន។
ខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ត្រូវបានគេរំពឹងថា នឹងកើតមាននៅសមុទ្រ Andaman និងឈូងសមុទ្រភាគខាងជើងនៃប្រទេសថៃ ជាមួយនឹងរលកខ្ពស់ៗ ចាប់ពី ២-៤ម៉ែត្រ និងរលកលើសពី ៤ម៉ែត្រនៅក្នុងតំបន់ដែលមានព្យុះ។

នាវា ឬ ទូកនេសាទទាំងអស់ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្ន និងជៀសវាងតំបន់ដែលមានខ្យល់ព្យុះ ខណៈកប៉ាល់តូចៗត្រូវបានណែនាំអោយនៅអែបច្រាំង។
សូមជម្រាបថា ៦០% នៃទីក្រុងបាងកក និងតំបន់ជុំវិញត្រូវបានគេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃច័ន្ទនេះ ខណៈនៅតាមបណ្ដោយឆ្នេរសមុទ្រភាគនិរតី , ភាគខាងកើត និងកណ្ដាល រួមទាំងនៅភាគឦសាន្ដប្រទេសថៃរងគ្រោះដោយសារភ្លៀងធ្លាក់ចំថ្ងៃបោះឆ្នោតសភាជុំទី២ តែម្ដង៕

