ភ្នំពេញ ៖ ជនសង្ស័យ២នាក់លួចម៉ូតូបានហើយព្យាយាមជិះគេចខ្លួន ចៃដន្យម៉ូតូដាច់ខ្សែពាន ទៅមុខលេងរួច​ធ្វើឲ្យជនសង្ស័យភ័យស្លន់ តុកម៉ូតូចោល រត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកNexខាងលើ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ម៉ូតូបានដាច់ខ្សែពាន ទៅមុខលែងរួច ហើយត្រូវបានជនសង្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម បម្រុងធាក់រុញពីក្រោយ ភ្លាមនោះមានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឃើញ និយាយថាមិនដឹងលួចមកពីណា ស្រាប់តែជនសង្ស័យភ័យស្លន់ស្លោផ្តួលម៉ូតូចោលតាមផ្លូវ រត់ឡើងជិះម៉ូតូរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល។

ម៉ូតូជនសង្ស័យផ្តួលចោលតាមផ្លូវ ម៉ាកSUZUKI nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-8978 ក្នុងសភាព ខ្ទេចបែកសោ ក ហើយនៅក្រោមកែប មានឃើញវិក្កយបត្រ ភ្លើង មានឈ្មោះ PO CHAMROEUN អាស្រ័យដ្ឋានផ្ទះលេខ146E ផ្លូវ598 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្ន សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់។ ហើយបើបងប្អូនណាបាត់ម៉ូតូ សូមអញ្ជើញទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី២ ដោយភ្ជាប់ជាមួយឯកសារផង ដើម្បីទទួលយកម៉ូតូវិលត្រឡប់ទៅវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.