លោក សម រង្ស៉ី អតីតមេដឹកនាំគណបក្សប្រឆាំង រួមទាំងក្រុមមនុស្សជំនិតៗចំនួន១៦នាក់ផ្សេងទៀត ត្រូវបានគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ សម្រេចដាក់ពិន័យជាទឹកប្រាក់ម្នាក់ៗចន្លោះពី១០ ទៅ ២០លានរៀល រួមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោត ចន្លោះពី២០ ទៅ២៥ឆ្នាំឯណោះ។

បើតាមសេចក្ដីសម្រេចដាច់ដោយឡែកពីគ្នា ចេញផ្សាយនៅព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ មូលហេតុនៃការទទួលរងទណ្ឌកម្មខាងផ្លូវច្បាប់នេះ គឺដោយសារលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ថាជាមេក្លោងដឹកនាំធ្វើសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចចន្លឹកឆ្នោត ខណៈអ្នកផ្សេងត្រូវបានចោទប្រកាន់ស្រដៀងគ្នានេះ។

ក្រៅពីលោក សម រង្ស៊ី មនុស្សជំនិតៗផ្សេងទៀតទាំង១៦នាក់រួមមាន សេង ម៉េងប៉ុនរ៉ុង, សោ ចាន់ដេត, គង់ សភា , ហេង ដាណារ៉ូ, គឹម សុខ, ឆាម ឆានី, មូរ សុខហួរ, ឡុង រី, ហូរ វ៉ាន់, អេង ឆៃអ៊ាង, នុត រំដួល, រិន រដ្ឋ, ភាន់ រិទ្ធី, ឆឺយ ឧត្តមរស្មី, នាង សុឃុន, និងឈ្មោះ ម៉ៅ វិបុល។

សូមបញ្ជាក់ថាលោក សម រង្ស៊ី និងមនុស្សជំនិតទាំង១៦នាក់ដែលរងការទណ្ឌកម្មខាងផ្លូវច្បាប់ពីស្ថាប័នរៀបចំការបោះឆ្នោត ក្នុងសំណុំរឿងញុះញង់ឱ្យពលរដ្ឋទៅគូសសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោត សុទ្ធតែជាអ្នកដែលបាននិរទេសខ្លួនទៅក្រៅប្រទេស និងកំពុងរួបរិតដោយសំណុំរឿងច្រើនស្កេះស្កះនៅស្ថាប័នតុលាការ។

ផ្អែកតាមច្បាប់ លោក សម រង្ស៊ី រួមទាំងអ្នកពាក់ព័ន្ធ អាចដាក់ពាក្យបណ្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក៏អាចបន្តប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើកមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប៕

Share.