ជនសង្ស័យជាក្រុមចោរចំនួន ៤នាក់ត្រូវនគរបាលឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពកំហែងយកទ្រព្យដោយប្រើ អាវុធក្នុង ភូមិសាស្ត្រខេត្តប៉ៃលិន។

នគរបាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីកំហែងយក ដោយជនមិនស្គាល់មុខកាលពី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចដីចម្ការជាប់អូរ ស្ថិតក្នុងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កម្លាំងនគរបាលជំនាញស្រុកសាលាក្រៅបានបើកប្រតិបត្តិការ សហការគ្នាជាមួយ កម្លាំងមូលដ្ឋានស៊ើបអង្កេតស្រាវជ្រាវ បន្ទាន់ទាំងយប់ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្តៅនេះធ្វើឡើងរយ:ពេល ៣ថ្ងៃទើបកំណត់ មុខសញ្ញាបាន ប៉ុន្តែកម្លាំង សមត្ថកិច្ច មិនអាចចូលឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗនោះទេរង់ចាំឱកាសល្អទើបឆ្មក់ចូល ចាប់ខ្លួនព្រោះមុខសញ្ញាខាងលើ មានអាវុធជាប់នឹងខ្លួន។

រហូតដល់ព្រឹកឡើងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ចប្រចាំគោលដៅបានប្រទះឃើញ ជនសង្ស័យ ។ក្រោយមក ពួកគេ បានព្យាយាមគេចខ្លួន។ កម្លាំងនគរបាលបានប្រដេញប្រកៀកប្រកិតតាមពីក្រោយ រហូតដល់មុខ សញ្ញាក្រុមចោរ បានផ្ទុះអាវុធ សំដៅមករកកម្លាំងសមត្ថកិច្ចចំនួន ៥គ្រាប់ ហើយកម្លាំងក៏បានបាញ់តបត ដើម្បី ការពារ ខ្លួន។ មួយសន្ទុះក្រោយមក កម្លាំង នគរបាលក៏បានពួនស្ទាក់ពីមុខផ្លូវចេញសម្រុកចូលឃាត់ខ្លួនបានជន សង្ស័យតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះចំនួន ៤នាក់មានឈ្មោះវ៉ៃ អិ ភេទប្រុស អាយុ ៣៧ ឆ្នាំ,ឈ្មោះស្រស់ វណ្ណនេត ភេទប្រុស អាយុ ២៣ ឆ្នាំ, ឈ្មោះបុល រ័ត្ន ភេទប្រុស អាយុ ៣៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះយឿន ឈួន ភេទប្រុស អាយុ ១៦ ឆ្នាំទាំងអស់គ្នារស់នៅ ក្នុងសង្កាត់ប៉ៃលិន ឃុំសាលាក្រៅ  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងប្រតិបត្តិការនោះ នគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន÷ អាវុធខ្លីកែច្នៃ ចំនួន ០១ ដើម, អាវុធវែងកែច្នៃ ប្រើខ្យល់ ចំនួន ០១ ដើម, កាំបិតខ្លី ចំនួន ០១ ដើម និងគ្រាប់កាំភ្លើងប្រភេទ AK ចំនួន ០៧គ្រាប់ផងដែរ។

ជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ  ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.