រថយន្តទេសចរណ៍ស្តារិក បើកបុករថយន្តធុនធ្ងន់ដឹកទំនិញចតស្ងៀមពីក្រោយបណ្តាលឲ្យរងរបួសអ្នកបើកបរ និងអ្នក រួមដំណើរ ចំនួន ២នាក់។
លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើង នៅ វេលាទៀបភ្លឺ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ តាមកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវកំពុង ស្ថាបនា ក្នុងក្រុមទី ១៧ ភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពដដែលបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះផ្តើមឡើងដោយរថយន្តម៉ាកStarex ពណ៌ទឹកប្រាក់១គ្រឿង បានបើកបរ ក្នុង ទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុបានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ( HYUNDAI ) ពណ៌ស ពាក់ស្លាក លេខ កំពង់ចាម៣A-៥៧៤៦ ពីក្រោយដែលចតនៅស្ងៀមនៅនឹងចិញ្ចើមផ្លូវខាងលិច បណ្តាល ឱ្យរថយន្តស្តារិកគាបជាប់នឹងកន្ទុយ រថយន្តហ៊ីយ៉ាន់ដាយ បង្កឲ្យអ្នកបើកបរ ១នាក់ និងអ្នករួមដំណើរ ១នាក់ទៀត រងរបួសធ្ងន់និងស្រាល។

អ្នកបើកបររថយន្តស្តារិកដែលរងរបួសស្រាលមានឈ្មោះម៉ែន យ៉ុន ភេទប្រុស អាយុ ៣២ឆ្នាំ និងអ្នករួមដំណើរ ១នាក់ ទៀត រងរបួសធ្ងន់ឈ្មោះទឹម ឈឿនភេទប្រុសអាយុ៣៩ឆ្នាំ។អ្នកទាំងពីររស់នៅក្នុងភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត។ ចំណែកឯអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះវ៉ាង សារឿត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងមិនមានរបួស។
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងនគរបាលស្រុកថ្មគោលបានចុះទៅវាស់វែងធ្វើ កំណត់ហេតុ រួចប្រគល់សំណុំរឿង ទៅកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបងបន្ត ដើម្បីដោះស្រាយ បញ្ចប់រឿង៕

