ថ្ងៃ​នេះ​ត្រយង​សូម​​ប្រមូល​ផ្ដុំ​នូវ​ផ្ទះ​ខ្មោច​សណ្ឋិត​ដ៏ល្បីល្បាញ​ខាង​លងបន្លាច​​ប៉ះសក់​រហូត​ត្រូវ​បាន​នាំ​យក​ទៅ​ផលិតភាព​ជា​ភាព​យន្ត​តាម​រយៈ​សាច់​រឿង​ពិត​ ផ្ទះ​មួយ​កន្លែង​ៗ​មាន​​​រឿង​រ៉ាវ​ រន្ធត់​ ព្រឺព្រួច​ និង ​រំជួល​ព្រលឹងខុស​ៗ​គ្នា​ ចង់​ដឹង​ថា​​ផ្ទះ​​ខ្មោច​លង​និមួយ​ៗ​សាហាវ​ដល់​កម្រិត​ណា​ សូម​តាម​ដាន​ទស្សនា​ខាង​ក្រោម​៖

១. The Amityvill horror ៖ ជាភាព​យន្ត​ផ្ទះ​ខ្មោច​សណ្ឋិត​ដែល​ផលិត​ចេញ​​តាម​ឆ្អឹង​រឿង​ពិត​ ហេតុការណ៍​ខ្មោច​លង​ពិត​ៗ​ដែល​គ្រួសារ​មួយ​ត្រូវ​ប្រឈម​ក្នុង​ផ្ទះ​មួយ​កន្លែង​ នា​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​។ សមាជិក​ក្រុម​គ្រួសារ​នោះ​បាន​ជួប​នឹង​រឿង​រ៉ាវ​ព្រឺ​ព្រួច​​ភ្លាម​ៗ​ក្រោយ​ពេល​ដែល​ផ្លាស់​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​នោះ​។ បន្ទាប់​ពី​ជួប​ហេតុការណ៍​ចម្លែកៗ​ ធ្វើ​ឱ្យ​ចាប់​ផ្ដើម​តាម​ស៊ើបសួរ​ ស៊ើបចុះ ស៊ើប​ឡើង​ធ្វើ​ឱ្យ​ពួ​ក​បាន​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៧៤​ វេល​ាម៉ោង​៣ និង​១៥​នាទី​ (​១​ឆ្នាំ មុន​នឹង​សមាជិក​គ្រួសារ​ពួក​គេ​បាន​ចូល​មក​រស់​នៅ​ទីនេះ​) កើ​តមាន​ហេតុការណ៍​ឃាតកម្ម​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​នវ​ដោយ​ Ronald DeFeo Jr. ដែល​​ជា​ម្ចាស់​ផ្ទះ​ម្នាក់​នៃ​ផ្ទះ​មួយ​ខ្នង​នេះ​បាន​លួច​កាំ​ភ្លើង​របស់​ឪពុក​ខ្លួន​មក​បាញ់​សម្លាញ់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ទាំង​អស់​៦​នាក់​បាត់​បង់​ជីវិត​ នៅ​ពេល​ប៉ូលិស​សួរ​ចម្លើយ​គេ​បាន​ឆ្លើយ​ថា​មាន​សំឡេង​បញ្ជា​ឱ្យ​ធ្វើ​ទង្វើ​បែបនេះ​ ទីបំផុត​គេ​ត្រូវ​បាន​ចាប់​ឃុំ​ឃាំងនិង​ជាប់​គុក​​អស់​មួយ​ជីិវិត ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ផ្ទះ​មួយ​ខ្នង​នេះ​ក្លាយ​ជា​ផ្ទះ​ខ្មោច​សណ្ឋិត​ដ៏​សាហាវ​តាម​លង​បន្លាច​គ្រួសារ​​​របស់​ Lutz ។

២. Winchester ៖ ភាពយន្ត​ដែល​សម្ដែង​ដោយ​ Helen Mirren គឺ​ជា​រឿង​​បរិយា​យ​ពី​មនុស្ស​សង់​ផ្ទះ​ឱ្យ​ខ្មោច​រស់​នៅ​​ ស្ដាប់​ពី​ចម្លែក​ណាស់​មែនទេ​? ប៉ុន្តែ​នេះ​គឺ​ជា​ការ​ពិត​មួយ​ ​ព្រោះ​រឿង​នេះ​ផលិត​តាម​សាច់​រឿង​ពិត​របស់​ Sarah Winchester ឬ​ឈ្មោះ​មុន​រៀបការ​​ Sarah Lockwood Pardee នារី​ម្នាក់​ដែល​រៀប​ការ​ជាមួយ​នឹង​ William Winchester អ្នក​ស្នង​ត្រកូល​ផលិត​កាំ​ភ្លើង​គ្មាន​សំឡេង​ Rifle យីហោ Winchester ​តែ​បែរ​ជា​ជួប​រឿង​អកុសល​ក្នុង​ជីវិត​ គួរ​ឱ្យ​អាណិត​ជា​ទី​បំផុត​ព្រោះ​ កូន​ ស្វាមី​ និង​ឪពុក​ក្មេក​ ស្រាប់​តែ​ស្លាប់​បាត់​បង់​ជីិវិត​យ៉ាង​ទាន់​ហន់​ចោល​នាង​ឱ្យ​រស់​នៅ​ជាមួយ​នឹង​មរតក​តែ​ម្នាក់​ឯង​។ Sarah បាន​សម្រេច​ចិត្ត​ទិញ​ផ្ទះ​មួយ​កន្លែង ដែល​ក្រោយ​មក​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ហៅ​តៗ​គ្នា​ថា​ Winchester Mystery House (ផ្ទះ​អាថ៌កំបាំង​​ត្រកូល​ Winchester)។ ផ្ទះ​ដែល​បាន​ល្បី​​តៗ​គ្នា​ថា​មាន​ខ្មោច​លង​សាហាវនេះ​ ​គឺ​ជា​​ដើម​កំណើត​នៃ​ភាពយន្ត​រន្ធត់​ព្រឺព្រួច​ Winchester ។

៣. The Haunting in Connecticut ៖ គឺ​ជា​​ភាពយន្ត​ខ្មោច​គួរ​ឱ្យ​ខ្លាច​សម្ដែង​ដោយ​ Virginia Madsen (វ៉ឺជិនៀ មេតសិន , Martin Donovan (ម៉ាទីន ដូណូវេន) និង Elias Koteas (អ៊ីលៀស​ គូធៀស)។ រឿង​នេះ​ផលិត​តាម​​សាច់​រឿង​ពិត​របស់​គ្រួសារ​ នី​ដេកឺ (តែ​នៅ​ក្នុង​ភាពយន្ត​ប្ដូរ​ដាក់​ថា​ ខែម​ប៊ែល​) ដែល​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ក្បែរ​មន្ទីរពេទ្យ​ Connecticut ព្រោះ​កូន​ប្រុស​ម្នាក់​មាន​ជំងឺ​មហារីក​។ ក្រោយ​ពី​បាន​ផ្លាស់​ទៅ​រស់​នៅ​ផ្ទះ​ថ្មី​ក្រុម​គ្រួសារ​មួយ​នេះ​បាន​ជួប​នឹង​ហេតុការណ៍​ប្លែក​ៗ​ជា​ច្រើន​ របស់់​របរ​ក្នុង​ផ្ទះ​អាច​ផ្លាស់​ទី​បាន​ដោយ​ខ្លួន​ឯង​ ទឹក​សក្លាយ​ជា​ពណ៌​ក្រហម​ឈាមនិង​មាន​ក្លិន​ស្អុយ​ កូន​ៗ​មាន​អាកប្បកិរិយា​ប្លែក​ៗ​ ហើយ​ក្នុង​ចំណោម​នោះ​មើល​ឃើញ​ខ្មោច​រហូត​សុំ​រ៉ើ​ចេញ​ពី​ផ្ទះ​ថែម​ទៀត​ផង​​។ ចុង​ក្រោយ​សមាជិក​ក្នុង​គ្រួសារ​ក៏​បាន​រក​ឃើញ​ឧបករណ៍​​រៀបចំ​សព​នៅ​ជាន់​ក្រោម​ដី​ ទើប​ធ្វើ​ឱ្យ​ដឹង​ថា​ផ្ទះ​នេះ​ពី​មុន​ធ្លាប់​ជា​កន្លែង​រៀបចំ​បុណ្យសព​ (ហើយ​ក្រោយ​​មក​ក៏​​បាន​ក្លាយ​ជា​ផ្ទះ​ខ្មោច​សណ្ឋិត​)។​

៤. Poltergeist ៖ ភាពយន្ត​រំជួល​ព្រលឹងដែល​ផលិត​ដោយ​លោក​ Steven Spielberg ជា​រឿង​រ៉ាវ​ដែល​បរិយាយ​ពី​គ្រួសារ​មួយ​ត្រូវ​បិសាច​តាម​លង​បន្លាច​ គប់​បំផ្លាញ​របស់​របរ និង​ពង្រង់​កូន​​ស្រី​យក​ទៅ​លាក់​ទុក​ ដែល​ហេតុការណ៍​ទាំង​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ពិត​ទៅ​​លើ​គ្រួសារ​លោក​ Hermann នៅ​ក្នុង​ផ្ទះ​មួយ​​កន្លែង​ក្នុង​ក្រុង​ Long Island រដ្ឋ​ New York សហរដ្ឋ​​អាមេរិក​។ ចំណុច​លង​បន្លាច​របស់​រឿង​ Poltergeist មិន​ទាន់​អស់​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ព្រោះ​មាន​ការ​និយាយ​តៗ​គ្នា​ថា​រឿង​នេះ​ដូច​ជា​ត្រូវ​បណ្ដាសារ​ ដោយ​សារ​តែ​មាន​តារា​សម្ដែង​ជា​ច្រើន​រូប​បាន​ស្លាប់​បាត់​បង់​ជីវិត​មិនគួរ​ឱ្យ​ជឿ​ ថែម​មាន​អ្នក​ខ្លះ​បាន​ជួប​នឹង​ហេតុការណ៍​នឹង​ស្មាន​មិន​ដល់​ថែម​ទៀត​ផង​។

៥. The Conjuring III ៖ ភាពយន្ត​ខ្មោច​លង​អមតៈ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ ផលិត​ឡើង​ដោយ​ James Wan គឺ​ជា​រឿង​ដែល​បរិយាយ​ពី​រឿង​រ៉ាវ​ខ្មោច​លង​ដ៏​សែន​ព្រឺព្រួច​របស់​គ្រួសារ Perron ដែល​បាន​ជួប​ក្រោយ​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ថ្មីមួយ​ក្នុង​​ក្រុង​ Harrisville រដ្ឋ​ Rhode Island ដោយ​សាច់​រឿង​នេះ​យក​​តាម​បទ​ពិសោធ​ពិត​របស់​ Ed និង Lorraine Warren គូស្នេហ៍​អ្នក​បង្ក្រាប​ខ្មោច​ដ៏​ល្បី​ ដោយ​ពួក​គេ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ គ្រួសារ​របស់​ Perron មាន​ឪពុកម្ដាយ​ និង​កូន​៥​នាក់ បាន​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ចំការ​ថ្មី​មួយ​ដែល​ស្គាល់​ឈ្មោះ​តាម​រយៈ​រឿង​គឺ​ Old Arnold Estate ហើយ​បាន​ជួប​នឹង​ហេតុ​ការណ៍​ប៉ះសក់​ ដោយ​ចាប់​ផ្ដើម​ដំបូង​ពី​តូចៗ​ទៅ​ជា​មុន​ដូច​ជា​ បាត់​របស់​របរ​ សង្ហារឹម​អាច​ផ្លាស់​ទី​បាន​ និង​មាន​សំឡេង​ចម្លែក​ៗ​ រហូត​ដល់​ត្រូវ​រុញ​ទម្លាក់ដី​​ ធ្វើ​បាប​រាង​កាយ​និង​ចូល​ទៅ​សណ្ឋិត​តែ​ម្ដង​។ ក្រោយ​សិក្សា​ស្រាវជ្រាវ​រក​ព័ត៌មាន​ផ្សេងៗ​ទើប​ដឹង​ថា​ផ្ទះ​នេះ​ធ្លាប់​ជា​ផ្ទះ​របស់​ត្រូ​កូល​មួយ​ដែល​រស់​នៅ​ទីនេះ​ជា​យូរ​អង្វែង​រហូត​ដល់​ទៅ​៨​ជំនាន់​៕ Andrea ជា​កូន​ស្រី​ម្នាក់​របស់​គ្រួសារ​ដែល​ត្រូវ​ខ្មោច​លង​នេះ​បាន​ថ្លែង​សារព័ត៌មាន​ USA Today ថា «មនុស្ស​មាន​សិទ្ធិ​ជឿ​លើ​អ្វី​ដែល​ចង់​ជឿ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថាពួក​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធ​ជួប​នឹង​អ្វី​ខ្លះ​»។

ប្រភព៖ mentalfloss , screenrant , yardbarker

Telegram-Troryorng
Share.