ក្រុមបាល់ទាត់ម្ចាស់ផ្ទះក្រុមអង្គរថាយហ្គឺរ បានប្រកួតចាញ់ក្រុមណាហ្គាវើល ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋាន SRU Stadium ក្នុងខេត្តសៀមរាប ប្រចាំសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 នៅល្ងាចថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈការប្រកួតបញ្ចប់ទៅដោយភាពតានតឹង។

ក្រោយចប់ការប្រកួតលោក Akihiro Kato ថៅកែក្លិបអង្គរថាយហ្គឺរ បានបង្ហោះឃ្លីបវីដេអូមួយដែលថតចេញពីការផ្សាយផ្ទាល់តាមទូរទស្សន៍ពីការមិនព្រមឱ្យបាល់ចូលទីរបស់ដល់ក្រុមរបស់ខ្លួនពីសំណាក់លោកអាជ្ញាកណ្ដាលលើទីលាន ឃិន ឧសីហា។ «រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។ ខ្លឹមសារលើហ្វេសប៊ុករបស់លោក។
អត្ថបទពាក់ព័ន្ធ៖ក្រុមណាហ្គាវើល ឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលសល់គ្នា៩នាក់ ក្នុងជំនួបក្ដៅគគុក នៅសៀមរាប
នៅយប់ថ្ងៃអង្គារ នេះដែរឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញការប្រតិកម្មក្នុងការបង្ហោះរបស់លោក Akihiro Kato ដោយឯកឧត្តម បានបង្ហាញទស្សនៈ៣ចំណុច។ ខាងក្រោមជាឃ្លាទាំងស្រុងនៅលើផេកហ្វេសប៊ុករបស់ឯកឧត្តម៖
ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato)ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ !
១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។
២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។
៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ។
សូមបញ្ជាក់ថាការប្រកួតបានឡើងកម្ដៅខ្លាំងនៅក្នុងតង់ទី២ ជាហេតុធ្វើឱ្យលោក ឃិន ឧសីហា ចាយកាតក្រហម២សន្លឹក និងកាតលឿងដល់ទៅ៦សន្លឹក៕
រូបថត៖NagaWorldFC

