សិល្បៈអន្តរជាតិ៖ តារាសម្ដែងដ៏ល្បីរបស់ថៃ២ដួងត្រូវបានជនអនាមិកគំរាមទារប្រាក់ក្រោយពួកគេលួចថតបានរូបភាពវីដេអូពួកគេកំពុងថើបគ្នាក្នុងបន្ទប់ Condo មួយកន្លែងនៅក្នុងទីក្រុងបាងកក។ តារាទាំងពីរដួងដែលស្ថិតក្នុងវីដេអូនោះគឺ Freen Sarocha Chankimha តួឯកក្នុងរឿងភាគ «Gap the Series» ឬ «ទ្រឹស្ដីស្នេហ៍ពណ៌ស៊ីជម្ពូ» និង Seng Wicai Saefarn តួឯករឿង แอบหลงรักเดอะซีรีส์ Secret Crush On You ជាតួឯក GL និង BL របស់ផលិតកម្ម Idol Factory ដែលសាងកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពល្បីល្បាញបំផុតក្នុងចង្កោមក្រុមអ្នកគាំទ្រ LGBTQ+។


អ្នកគាំទ្រជាច្រើនដែលចូលតួឈ្លក់វង្វេងនឹងសាច់រឿង «ទ្រឹស្តីស្នេហ៍ពណ៌ស៊ីជម្ពូ» សង្ឃឹមថា Freen និងដៃគូគឺ Rebecca Patricia Armstrong ឬ Becky នឹងក្លាយជាគូស្នេហ៍ក្នុងជីវិតពិត។ យ៉ាងណាមិញថ្មីៗនេះស្រាប់មានរូបភាពវីដេអូបែកធ្លាយ Freen បានថើបគ្នាជាមួយ Seng ដែលធ្វើឱ្យបំផ្លាញដល់រូបភាពផ្អែមល្ហែមរវាងនាងនិង Becky ដែលអ្នកគាំទ្របានស្រមើស្រមៃនាពេលកន្លងមករលាយខ្ទេចខ្ទី។

បន្ទាប់ពីបែកធ្លាយការពិតដ៏សែនឈឺចាប់នោះមានអ្នកគាំទ្រខ្លះនៅបន្តចាប់ដៃគ្នាយ៉ាងស្អិតមាំគាំទ្រដល់តារាទាំងពីរ ខណៈដែលអ្នកគាំទ្រផ្សេងខ្លះទៀតបានសម្ដែងអារម្មណ៍ខកចិត្តចំពោះ Freen ដែលមិនអាចបន្តទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយ Becky នៅខាងក្រៅឆាក។ បុរសដែលជាដើមចមធ្វើឱ្យក្ដីស្រលាញ់ដែលហ្វេនមានចំពោះ Freen ប្រេះឆានោះគឺ Seng តារាសម្ដែង BL ដ៏ល្បីមួយរូបផងដែរ។ អ្នកគាំទ្ររបស់ Seng ដែលភាគច្រើនជាក្រុមអ្នកស្រលាញ់ភេទដូចគ្នាក៏បង្ហាញអារម្មណ៍ខកចិត្តដូចគ្នាដែលតារាក្នុងដួងចិត្តរបស់ខ្លួនមានស្នេហាខាងក្រៅឆាកជាមួយនឹងមនុស្សស្រី

បន្ទាប់ពីទុកឱ្យអ្នកគាំទ្រមានចម្ងល់តើមនុស្សក្នុងរូបភាពបែកធ្លាយនោះគឺពិតជាអ្នកទាំងពីរឬយ៉ាងណានោះទីបំផុតតារាទាំងពីរដួង បានចេញមកថ្លែងបំភ្លឺក្នុងវីដេអូ២ផ្សេងគ្នា ហើយសារភាពថាពួកគេមិនមែនជាប្រភេទមនុស្សស្រលាញ់ភេទដូចគ្នា ហើយអ្នកទាំងពីរបានសុំទោសចំពោះអ្នកគាំទ្រដែលមិនអាចបំពេញតាមបំណងរបស់អ្នកគាំទ្រកើត។ ពួកគេបានពន្យល់ពាក់ព័ន្ធនឹងឃ្លីបដែលត្រូវបានគេថតនោះថាស្ថិតនៅក្នុងខុនដូ Freen ហើយពួកគេជឿថាជនដែលលួចថតនោះគឺថតចេញពី អគារដែលគេបោះបង់ចោលក្បែរខុនដូ ដែល Freen រស់នៅ។ ជនអនាមិកបានគំរាមទៅតារាទាំងពីរដួងនេះកាលពីថ្ងៃ២៣ ខែកក្កដា ទាមទារយកប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបភាពនៅលើបណ្ដាញសង្គម ប៉ុន្តែនៅពេលដែលទាំង Freen និង Seng មិនបានឆ្លើយតបចំពោះការគំរាមនោះនៅថ្ងៃទី២៨ ខែកក្កដា វីដេអូនោះត្រូវបានបញ្ចេញជាសាធារណៈនៅលើបណ្ដញសង្គម Twitter។
ងាកមក Freen Sarocha បានថ្លែងសុំទោសចំពោះអ្នកគាំទ្រខ្លួនថា៖ «ខ្ញុំសុំទោសចំពោះអ្នកពាក់ព័ន្ធទាំងអស់ ហើយសុំទោសអ្នកគាំទ្រដែលធ្វើឱ្យខកចិត្ត។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលឃើញពីចិត្តស្មោះរបស់ខ្ញុំតាំងពីថ្ងៃដំបូងដែលខ្ញុំធ្វើជាតារាសម្ដែងរហូតមកពេលនេះ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគោរពការសម្រេចចិត្តរបស់ខ្ញុំហើយគោរពខ្ញុំក្នុងនាមជាមនុស្សធម្មតាម្នាក់ដែលចង់មានជីវិតរស់នៅធម្មតា។ ក្រោយមកទៀត Freen បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលគាំទ្រនិងលើកទឹកចិត្តដល់ខ្លួនរហូតមក។

«ខ្ញុំចង់និយាយពាក្យអរគុណចំពោះអ្នកគាំទ្រដែលស្រលាញ់ បារម្ភ និងគាំទ្រខ្ញុំចាប់តាំងពីដំបូង។អរគុណចំពោះការបារម្ភហើយនៅក្បែរខ្ញុំគ្រប់កាលៈទេសៈ។ សូមអរគុណអស់ពីបេះដូង។» តារាទាំងពីរដួង ទាំង Freen និង Seng បានបញ្ជាក់យ៉ាងច្បាស់ថាអ្នកទាំងពីរនឹងប្រើប្រាស់ច្បាប់តបតទៅនឹងជនសង្ស័យនិងអ្នកណាក៏ដោយដែលចង់ទិញឬចែករំលែកបន្តវីដេអូនោះ។ ផលិតកម្ម IDOLFACTORY បានទទួលស្គាល់ថាពួកគេបានកំណត់អត្តសញ្ញាណជនសង្ស័យដែលជនបរទេសនោះបានហើយ ហើយពេលនេះតំណាងផ្នែកច្បាប់របស់តារាទាំងពីរកំពុងសហការជាមួយអាជ្ញាធរអន្តរជាតិដើម្បីស្វែងរកយុត្តិធម៌សំរាប់តារាទាំងពីរដួង។
ងាកមកអ្នកគាំទ្រទាំងក្នុងប្រទេសថៃ និងអ្នកគាំទ្របរទេសបានសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដោយសារតែតាំងពីដើមរហូតមកទាំងផលិតកម្ម ទាំងមិត្តភក្ដិជាតារាសម្ដែង ពោលមនុស្សជុំវិញខ្លួន Freen និង Becky តែងតែសាងស្ថានការណ៍ដែលធ្វើឱ្យអ្នកគាំទ្រជឿថាតារាទាំងពីរដួងមិនត្រឹមតែជាគូស្នេហ៍ក្នុងការសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសស្ទើរតែ១០០ភាគរយដែលតារាទាំងពីរនេះក្លាយជាគូស្នេហ៍ក្រៅឆាក។ ជាពិសេសអ្វីដែលអ្នកគាំទ្រកាន់តែហួសចិត្តនៅពេលដែលធ្លាប់បែកធ្លាយរឿងតារាក្មេងតូចដែលសម្ដែងក្នុងរឿង «Gap The Series» បានចេញមកទម្លាយថា Freen មានសង្សារហើយគឺជាមនុស្សប្រុស ប៉ុន្តែកាលណោះផលិតកម្មបានចេញមកបដិសេធថែមទាំងបង្ខំឱ្យម្ដាយកុមារីរូបនោះចេញមកសុំទោសជាសាធារណៈ ដែលកត្តានេះធ្វើឱ្យអ្នកគាំទ្រកាន់តែលង់ជ្រៅហើយកាន់តែជឿជាក់ពីទំនាក់ទំនងស៊ីជម្រៅរវាង Freen និង Becky។

ក្រុមអ្នកគាំទ្រពិសេស ក្រុមអ្នកគាំទ្រជាជនបរទេសដែលស្ថិតក្នុងសហគមន៍ LGBTQ+ បានបង្ហាញអារម្មណ៍សោកស្ដាយជាពន់ពេកហើយចាត់ទុកថាការលាក់បាំងរឿងគូស្នេហ៍របស់ Freen គឺជាការធ្វើទីផ្សារបោកប្រាស់បេះដូងមហាជនឱ្យមានសង្ឃឹមទាំងដែលការពិតផ្ទុយគ្នាស្រឡះ។ ខណៈដែលអ្នកដែលនៅតែគាំទ្រតារាស្រីរូបនេះបានបន្ទោសមកកាន់អ្នកគាំទ្រវិញ ដែលជឿជាក់ពេកហើយបណ្ដោយឱ្យសាច់រឿងគ្រប់ដណ្ដប់ខួរក្បាលយករឿងប្រឌិតគិតថាជាការពិត។
យ៉ាងណាមិញមកដល់ពេលនេះ គេនៅមិនទាន់ចាប់បានអ្នកដែលនៅពីក្រោយការបង្ហោះរូបភាពវីដេអូជីវិតឯកជនរបស់ Freen និង Seng នៅឡើយ ប៉ុន្តែអនាគតរបស់តារាទាំងពីរហាក់ស្ថិតនៅក្នុងភាពស្រពិចស្រពិល ព្រោះរឿងភាគថ្មីអ្នកទាំងពីរដែលត្រៀមចេញអាចនឹងមិនផ្ទុះល្បីល្បាញមានការគាំទ្រភ្លូកភ្លូកដីតាមការគ្រោងទុកនោះឡើយ៕
ប្រភព៖ បរទេស និង thethaiger.com

