ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ មួយទីតាំងនៅផ្លូវ១០០៣ ភូមិឡកំបោរ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដោយសមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមបិទស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណជាង ១២តោន ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចធ្វើការដកហូតសម្ភារទាំងអស់ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ចំពោះម្ចាស់ទីតាំងស្រី ប្រុសទាំង២នាក់ សមត្ថកិច្ចនាំទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins Cambodia Ltd. ដែលជាក្រុមហ៊ុនតំណាងឱ្យយក្រុមហ៊ុន Total Energies ។ បន្ទាប់ពីបើកការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល០២ខែមកនេះ៕

អត្ថបទ៖ សង្គម

Share.