រថយន្តយីឌុប បែនដឹកដីមួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿនវ៉ាជែង រថយន្តខាងមុខ ជ្រុលហោះឡើង សួនទ្រូងផ្លូវ ធ្លាយទៅម្ខាង បុករថយន្តសាំយ៉ុងច្រាសទិស ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋ អ្នកលក់ដូរ បណ្តាលឲ្យ បាក់ខ្ទេចខ្ទីអស់ ម្ចាស់រត់គេចផុតទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ នៅតាម មហាវិថីឈ្នះ ឈ្នះ  សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

រថយន្តបង្កប្រភេទយីឌុប បែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 អ្នកបើកបរត្រូវបានសមត្ថកិច្ ចដេញ តាម ឃាត់រួចនាំយកទៅប៉ុស្តិ៍ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែង រថយន្តខាងមុខ តែជ្រុលចង្កូតហោះឡើងសួនទ្រូងផ្លូវ ធ្លាយទៅម្ខាង ជ្រុលទៅបុករថយន្តសាំយ៉ុងមួយគ្រឿង កំពុងបើក ពី កើតទៅលិច ហើយ រថយន្តបង្កបន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ អ្នកលក់ដូរគ្រឿងភេសជ្ជៈ ប្រហិត ម្ជូរ បណ្តាលឲ្យរងខូចខាតបាក់ទាំងស្រុង សំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ព្រោះថាម្ចាស់ផ្ទះគ្រាន់តែ ឃើញហេតុការណ៍ភ្លាម ចាប់អូសដៃប្រពន្ធរត់គេច ទាំងព្រលឹងចុងសក់ ។

នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃទៅហើយ ក្រុមរថយន្តបែនដឹកដី ថ្ម ខ្សាច់ កុងតឺន័រ ភាគ ច្រើន បើកបរ លឿនៗពេកហើយ ហាក់ដូចជាមិនខ្លាចក្រែងអ្វីសោះ។ ចំពោះគ្រោះថ្នាក់វិញ សឹងរាល់ថ្ងៃ រីឯទ្រព្យសម្បត្តិរដ្ឋ សួនទ្រូងផ្លូវ បង្កភ្លើង ខូចខាតជាអន្លើៗ ញឹកញាប់ជាងគេក្រុមរថយន្តដឹកដី ។

ករណីរថយន្តបង្កគ្រោះថ្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់ឲ្យការិយាល័យ ចរាចរណ៍ ជើងគោក ស្នងការក្រុងភ្នំពេញ អូសយករថយន្តទៅរក្សាទុករងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖តាតុងពោធិសែនជ័យ

Share.