
ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វាកីឡដ្ឋានSmart RSN Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមអ្នកជិតខាងវិសាខា នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១០ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។
លោក Oleg Starynskyi គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន ត្រូវបានស្រង់សម្តីក្នុងវិសាខា របស់ក្លិបថា៖ «យើងរីករាយដែលលីគបានត្រលប់មកវិញ ហើយយើងក៏លេងបាន២ប្រកួតហើយផងដែរ ពេលនេះយើងកំពុងតែរៀបចំក្រុមលេងជាមួយវិសាខា ដែលយើងរំពឹងថាជាការប្រកួតមួយដែលល្អ ព្រោះវិសាខាជាក្រុមដែលមានការគ្រប់គ្រងបាល់បានល្អ ដូច្នេះយើងអាចធ្វើតេស្តសមត្ថភាពរបស់យើង និងបង្ហាញការលេងរបស់ក្រុមយើងផងដែរ។ វិសាខាជាក្រុមដែលមានកីឡាករល្អៗច្រើន ហើយខ្ញុំគិតថាពួកគេជាក្រុមដែលមានការរៀបចំល្អ ពួកគេបានបង្ហាញពីការលេងបានល្អ មានការប្រកួតប្រជែងខ្ពស់ ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ មានការប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ ដូច្នេះវាជារឿងល្អមួយក្នុងវិស័យបាល់ទាត់»។
លោកគ្រូបង្វឹករូបនេះបានលើកឡើងពីក្រុមរបស់លោកផងដែរថា៖«សម្រាប់ការរៀបចំរបស់ក្រុមយើងវិញ គឺយើងធ្វើទៅតាមកាលវិភាគដែលយើងបានគ្រោងទុកដូចការប្រកួតមុនៗដែរ យើងបន្តការលេងតាមរបៀប និងគោលការណ៍របស់យើងទាំងតំបន់ប្រយុទ្ធ និងការពារ។ ខ្ញុំអាចនិយាយបានថាការរៀបចំគឺនៅដដែល ព្រោះយើងមិនមែនរៀបចំសម្រាប់តែការប្រកួតតែមួយនេះទេ ប៉ុន្តែយើងរៀបចំគឺសម្រាប់ការប្រកួតប្រជែងសម្រាប់លីគទាំងអស់តែម្តង យើងមានការរំពឹងទុកជាច្រើនព្រោះចប់ពីការប្រកួតនេះទៅយើងមានការប្រកួតជាមួយណាហ្គា និងផ្សេងៗទៀត អញ្ចឹងយើងមានការរៀបចំសម្រាប់ការប្រកួតក្នុងលីគទាំងមូល»។
សូមបញ្ជាក់ថាប្រវត្តិជួបគ្នារវាងក្រុមទាំង២ មានចំនួន៦លើក ក្នុងនោះឃើញថាក្រុមវិសាខា ធ្លាប់ឈ្នះបាន២លើក ភ្នំពេញក្រោន ឈ្នះវិញបាន១លើក និងស្មើគ្នា៣លើក៕

