ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីក្មេងប្រុស កំពុងអង្គុយចុចលេងនៅមុខផ្ទះ ហើយព្យាយាមរត់គេច កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យឆក់ទូរស័ព្ទក្មេងមាន ឈ្មោះ នី រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្ត ព្រៃវែង ។

ចំណែកម្ចាស់ទូរស័ព្ទជាម្តាយរបស់ក្មេង ឈ្មោះ តាំង គឹមលាង អាយុ៣២ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានមួយ ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសអាយុ៦ឆ្នាំ បានយកទូរស័ព្ឌដៃម៉ាកoppo ពីម្តាយទៅអង្គុយចុចលេងមុខផ្ទះ ស្រាប់តែជនសង្ស័យដើរឃើញឆ្លៀតឱកាស ឆក់យកពីដៃក្មេង ហើយរត់គេច ភ្លាមៗក្មេងស្រែកយំ ផ្អើលអ្នកជិតខាងដេញតាម ជិត១គីឡូម៉ែត្រទើបចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ        ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

Share.