សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បន្ទាប់ពីភាសាកំណើត ការចេះភាសា បរទេសកាន់តែច្រើនកាន់តែល្អ ទោះជាភាសាបរទេសនោះជាភាសាប្រទេសសត្រូវរបស់យើងក៏ដោយ សំខាន់គឺ ភាសាបរទេសដែលប្រើជាអន្តរជាតិ និងចេះប្រើភាសាប្រទេសជិតខាង។
ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះបានធ្វើឡើងនៅពេល អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី«វោហារឆ្នើម»ខេត្ត បាត់ដំបងការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoomនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
បើតាមសម្តេចក្រឡាហោម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យកាន់តែ មានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយជាមួយគ្នានេះ ក៏បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអប់រំមួយជីវិត ដែលក្លាយជាប្រធានបទដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្តឱ្យមានការសិក្សាភាសាបរទេសគ្រប់កម្រិត និងអនុញ្ញាតឱ្យវិស័យឯកជនបើកការបណ្ដុះបណ្ដាលទាំងភាសាបរទេស ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាព រៀបចំបើកការប្រកួតកម្មវិធី វោហារឆ្នើម លើភាសាចិនមួយទៀត ដោយសម្ដេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ភាសាបរទេសដែលមានមនុស្សជាតិប្រើប្រាស់ ច្រើនជាងគេ និងកំពុងមានឥទ្ធពលដូចភាសាអង់គ្លេសដែរនោះ គឺភាសាចិន ហើយថាភាសាចិននេះក៏កំពុងមានតម្រូវការខ្ពស់ទាំងទីផ្សារការងារក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាតែម្ដង៕

