បុរសជាមន្ត្រីអាវុធហត្ថម្នាក់ ខឹងសង្សារសុំបែក ហើយមានប្រុសថ្មី តាមទាន់ ខឹងចិត្ត ហៅមិត្តភ័ក្តិប្រដាប់ដោយ អាវុធខ្លី បាញ់ ២គ្រាប់ផ្អើលអ្នកភូមិ ផ្អើលទាំងសមត្ថកិច្ចចុះ ទៅឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៩និង ១០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្រុស ជាសង្សារចាស់ ហើយសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សុខ ចាន់អ៊ិន អាយុ៤០ឆ្នាំ មុខរបរជា មន្ត្រីអាវុធហត្ថ ស្នាក់នៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីខាងស្រី ជាអតីតសង្សារ មានឈ្មោះ សាក់ ស្រីពេជ្រ អាយុ២១ឆ្នាំជាងអ៊ុតសក់ ស្នាក់នៅកន្លែងកើតហេតុ ។

យោងតាមការបកស្រាយពីភាគីខាងស្រី បានឲ្យដឹងថា នាងកន្លងមកពិតជាស្រឡាញ់គ្នា ជាមួយបុរសរូបនេះពិតមែន អស់ រយៈពេល៣ឆ្នាំមកហើយ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារបុរសរូបនេះ ចិត្តសាវា មានស្រី ច្រើន ផ្សេងទៀតពីរូបនាង ទើបនាងសុំបែក សុំត្រឹមរាប់អានគ្នាជាធម្មតាវិញ តែខាងប្រុសមិនព្រម ហើយនៅមុន ពេលកើតហេតុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សង្សារចាស់បាននាំនាងទៅហូបអី នៅឯភូមិចែងមែង សង្កាត់សំរោងក្រោម។
លុះដល់វេលាម៉ោង៩យប់ សង្សារថ្មីបានហៅឲ្យវិលទៅផ្ទះ គ្រាដែលចូលដល់ក្នុងផ្ទះហើយ ស្រាប់តែលេចមុខ សង្សារចាស់ ទៅតាម ហៅ ស្រាប់តែប្រទះជួបសង្សារថ្មីកំពុងនៅទីនោះដែរ ទើបកើតក្តីមួរហ្មងនិងបានហៅ មិត្តភ័ក្រ២នាក់ទៀតប្រដាប់ដោយ អាវុធខ្លីមួយដើម បាញ់ គម្រាម២គ្រាប់ បង្កឲ្យផ្អើលអ្នកភូមិ ផ្អើលទាំងសមត្ថកិច្ច ចុះទៅឃាត់បានបុរសជាសង្សារចាស់ ចំណែក មិត្តភ័ក្រ២នាក់ទៀត គេចខ្លួនទៅបាត់ មុនសមត្ថកិច្ចទៅដល់ ។

បើតាមការបំភ្លឺពីភាគីខាងសង្សារចាស់វិញ បានឲ្យដឹងថា ខ្លួនមានទំនាក់ទំនង នឹងគ្នា ច្រើនឆ្នាំមកហើយ ចំណាយ លុយ អស់ច្រើន ទម្រាំបានសង្សារម្នាក់នេះ ហើយគាត់ខឹង ព្រោះគេសុំបែក ទៅមានប្រុសថ្មី ទើបហៅមិត្តភ័ក្តិ ២នាក់ទៀតទៅជួយ បែរជាទៅបាញ់ ។
ករណីផ្ទះអាវុធក្នុងរឿងជម្លោះស្នេហាត្រីកោណខាងលើ ត្រូវបាននគរបាលនាំខ្លួនភាគីជម្លោះ ទៅសាកសួរនៅ ប៉ុស្តិ៍នគរបាល រួចប្រគល់ឲ្យទៅខាងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យវិញ ដោយសារបុរសដែលជាសង្សារចាស់ នោះជាមន្ត្រីអាវុធហត្ថ ៕

អត្ថបទ៖តាតុងពោធិសែនជ័យ
