ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃនេះថា ទឹកទន្លេមេគង្គនឹងហក់ឡើង ក្នុងរយៈពេលពី ៣ទៅ៤ ថ្ងៃខាងមុខ ទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាប អបមាត់ ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ។
តែការហក់ឡើងនេះមិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។
បើតាមក្រសួងធនធានទឹក ការហក់ឡើងនៃទឹកទន្លេមេគង្គនេះ គឺបណ្តាលមកពីឥទ្ធិពល ព្យុះទី៧ មានឈ្មោះថា «សេមប៉ាកា» និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសាន ប្រទេសកម្ពុជា។
ក្រសួងធនធានទឹក សូមឲ្យសាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសបងប្អូន ប្រជាពលរដ្ឋដែលរស់នៅ អមសងខាង ទន្លេ មេគង្គ និងតំបន់ទំនាបនានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ ពេលវេលា និង បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

