នគរបាលអន្តោប្រវេសន៍ខេត្តបាត់ដំបងបានស្រាវជ្រាវរកឃើញជនបរទេសចំនួន ២នាក់ឆ្លងដែនដោយ ខុសច្បាប់ក្នុង នោះ មានម្នាក់ វិជ្ជមានកូវីដ-១៩។បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនអ្នកមាន មេរោគទៅព្យាបាល និងម្នាក់ទៀត រៀបចំបញ្ជូន ទៅអនុវត្តតាមនីតិវិធី។
ប្រភពពីស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១នេះកម្លាំង ការិយាល័យ ជំនាញ បានរៀបចំបញ្ជូនអ្នកមានផ្ទុកជំងឺកូវីដ-១៩ទៅកាន់មណ្ឌលព្យាបាលក្នុងស្រុកសង្កែ និងម្នាក់ ទៀតអវិជ្ជមាន ត្រូវនគរបាល ទទួលបន្ទុកបានរៀបចំបញ្ជូនទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាម នីតិវិធីពាក់ព័ន្ធ ករណីឆ្លងដែន ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។

ជនបរទេសខាងលើមានឈ្មោះ TO LY ភេទប្រុស អាយុ ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ HAL TONO ភេទប្រុស អាយុ ៣១ឆ្នាំ ជា ជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់មិនមានលិខិតឆ្លងដែនត្រឹមត្រូវនោះឡើយ។
នគរបាលបន្ថែមថា÷ បុរសជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ បានធ្វើដំណើរ ដោយថ្មើជើង ពីប៉ោយប៉ែតឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ លុះមកដល់ស្រុក ថ្មគោលនគរបាលបានសាកសួរ ទើបដឹងថាមិនមាន ឯកសារ ត្រឹមត្រូវតាមច្បាប់ ហើយបានចេញពីតំបន់ប្រឈមក៏នាំខ្លួនទៅធ្វើចត្តាឡីស័ក ក្រោយមកទៀតមានម្នាក់បានលួចចេញពី មណ្ឌល ចត្តាឡីស័ក រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានមកវិញនៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ។

ក្រោយពីការឃាត់ខ្លួនមកវិញនេះគ្រូពេទ្យបានធ្វើតេស្តជាថ្មីបានរកឃើញឈ្មោះHAL TONO វិជ្ជមានជំងឺកូវីដ-១៩ ក៏ត្រូវ ក្រុម គ្រូពេទ្យនាំខ្លួនទៅព្យាបាល ចំណែកម្នាក់ទៀតអវិជ្ជមានជំងឺ កូវីដ-១៩ ត្រូវនគរបាលជំនាញបញ្ជូនទៅកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
