កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមក្រសួងសុខាភិបាល ករណីមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែល ថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងកម្ពុជាយើង ជាយថាហេតុណាមួយ ៕

Share.