ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាល ខណ្ឌជ្រោយចង្វារប្រដេញតាមស្ទាក់ឃាត់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យប្រដាប់ដោយខ្សែ អន្ទាក់ ប្រើប្រាស់ម៉ូតូជាមធ្យោបាយ ដើរធ្វើសកម្មភាពទាក់សត្វឆ្កែប្រជាពលរដ្ឋ តាមផ្លូវ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅតាម ផ្លូវជាតិលេខ៦ មុខផ្ទះសំណាក់មហាលាភ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ អឿន លីហ្សា ភេទប្រុស អាយុ១៦ឆ្នាំ ទី២ ឈ្មោះ រិន ភេទប្រុស អាយុ២៣ឆ្នាំ ។ សមត្ថកិច្ចដកហូតបានខ្សែអន្ទាក់ ម៉ូតូម៉ាកហុងដាវ៉េង មួយគ្រឿង និងសត្វឆ្កែដែលជនសង្ស័យលួចទាក់បានចំនួន៦ក្បាល ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលចេញល្បាតក្នុងមូលដ្ឋាន ប្រទះ ឃើញជនសង្ស័យមួយក្រុមគ្នា១០នាក់ ជិះម៉ូតូចំនួន៥គ្រឿង មានដឹកឱបបាវដាក់សត្វឆ្កែ ផងនោះ ដែលកំពុងធ្វើដំណើរតាមផ្លូវលី យ៉ុងផាត់ សង្ស័យហៅឃាត់បំណងសាកសួរ តែផ្ទុយ ទៅវិញ ក្រុមជនសង្ស័យបែនាំគ្នាព្យាយាមបើកម៉ូតូរត់គេច ទើបកម្លាំងសមត្ថកិច្ចប្រដេញតាម រហូតដល់ផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះសំណាក់មហាលាភ ចាប់ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ម៉ូតូមួយគ្រឿង បាវច្រកឆ្កែ២ ដែលមានសត្វឆ្កែចំនួន៦ក្បាល ចំណែកបក្ខពួក ៨នាក់ ទៀត ជិះម៉ូតូ៤គ្រឿង បាត់បើករត់គេចខ្លួនបាត់ ។
ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ
