លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងកោះរ៉ុង សម្រេចបិទភូមិកោះតូច នៃសង្កាត់ កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ។

លោកថា អ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នក រស់នៅ ក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុ នេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បី ធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។

ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹកជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូល មកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មី ប៉ុន្តែទូកដឹកទំនិញ រឺគ្រឿង ឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា ៕

Share.