ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញព័ទ្ធចាប់ព្រួតវាយទ្រោមខ្លួនរួចប្រគល់ឲ្យ សមត្ថកិច្ច ក្រោយពីធ្វើ សកម្មភាពចូលទៅលួចឆក់យកកាបូបលុយមានប្រាក់ជាង ១០លាន រៀល បានសម្រេចហើយរត់ហក់ឡើងជិះម៉ូតូមិនទាន់ ម្ចាស់ស្រែកឆោឡោ ផ្អើលអ្នកភូមិ ដេញព័ទ្ធ ចាប់ខ្លួនបានរួចប្រគល់ឲ្យសមត្ថកិច្ច រួមជាមួយម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ១២និង ៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះលក់ដូរយីហោ ម៉ាង យ៉ុន តាមមហាវិថី ឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដើរឆក់និងលួច មាន ទីលំនៅ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ច ដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-0671 ជាមធ្យោបាយរបស់ជនសង្ស័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ាង យ៉ុន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះកើតហេតុ ។ រីឯលុយមានក្នុងកាបូប ចំនួនជាង ១០លានរៀល និងទូរស័ព្ទដៃ២គ្រឿង ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា លុយក្នុងកាបូបមានជាង១០លានរៀន លក់បាន មិនទាន់ រាប់យកទុកផង ។មុនកើតហេតុ គាត់បានដោះកាបូបចេញពីចង្កេះ ដាក់លើគ្រែក្នុងផ្ទះ យកមួកគ្របពីលើឆ្លៀតបែរខ្នង ជូតលាងដៃនឹងអាល់កុល ស្រាប់តែជនសង្ស័យលបចូលទៅ ពីក្រោយ ឆក់យកកាបូប បម្រុងហក់ឡើងជិះម៉ូតូ ដែលចតត្រៀមនៅក្រៅជាស្រេច។ពេលនោះ គាត់ ក្រឡេកឃើញទាន់ ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យរត់គេចចោលម៉ូតូ ផ្អើល ប្រជាពលរដ្ឋ​​ដេញតាមព័ទ្ធ មានចំងាយជាង១០០ម៉ែត្រ ទើបចាប់ខ្លួនបាន យកបានកាបូប លុយមកវិញ ។

តាមសម្តីជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាជិះម៉ូតូ ទៅធ្វើសកម្មភាពលួចយកកាបូប លុយរបស់ជនរងគ្រោះពិតប្រាកដមែន ហើយមុនកើតហេតុ ជិះម៉ូតូទៅឃើញជន រងគ្រោះ ដោះកាបូបលុយពីចង្កេះដាក់លើគ្រែ ឆ្លៀតឱកាស ឈប់ម៉ូតូដោយមិនបានពន្លត់ ម៉ាស៊ីន ទេដើម្បីត្រៀមរត់ តែឡើងជិះម៉ូតូមិនទាន់ ពលរដ្ឋដេញចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យក្រោយពីពលរដ្ឋតាមទាន់ វាយទ្រោមខ្លួនរងរបួសជើង ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ខណ្ឌចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.