នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ ឆ្នាំ ​២០២១ នេះ​ តារា​ចម្រៀង​ល្បី​របស់​ផលិតកម្ម​ហង្សមាស​ លោក​ វង្ស តារា​រតនា​ បាន​ផុស​សំណេរ​អម​ដោយ​រូប​ថត​ជាច្រើន​សន្លឹក​បង្ហាញ​ថា​លោក​ត្រូវ​បុគ្គល​មួយ​រូប​តាម​ជេរប្រមាថថោក​ទាប​និង​ជាប់​គុក​ ងាក​មក​ក្រុមហ៊ុន​ហ្វេសប៊ុក​វិញហាក់​​​អយុត្តិធម៌​ចំពោះ​លោកណាស់​​​។

នៅ​ក្នុង​សំណេរ​នោះ​លោក​ វង្ស តារា​រតនា​ម្ចាស់​បទ​ចម្រៀង​ល្បី​ «ស៊ូឃ្លាត» បានបង្ហោះ​សំណេរ​លក្ខណៈ​ហួស​ចិត្ត​មួយ​ដែល​រូប​លោក​នៅ​សុខ​ៗ​សោះ​បែរ​ជា​ត្រូវ​បាន​គេ​ចូល​មក​ជេរ​ប្រមាថ​លោក​ មិន​ថា​ជា​ស៊ែរ​ទៅ​ជេរ​ ឬ​ចូល​មក​ជេរ​ខាង​ក្រោម​ផុស​ដែល​លោក​បង្ហោះ​នោះ​ទេ​។

ពាក្យ​សម្ដី​​ជេរ​ប្រមាថ​ដែល​ធ្វើ​ឱ្យ​តារា​ចម្រៀង​ពុក​មាត់​ស្រម៉ូម​រូប​នេះ​រាង​ឆេះ​ឆួល​ក្នុង​អារម្មណ៍​នោះ​គឺ​ លោក​ត្រូវ​បាន​អ្នក​​ចូល​មក​ខមមិន​ជេរ​ថា​៖ «​យក​ពួក​អាអ្នក​ជាប់​គុក​មក​ធ្វើ​តារា​ចម្រៀង​ អ៊ីចឹង​បាន​បំផ្លាញ​សង្គម​ ចាក់​សាក់​បង្ហាញ​ឱ្យ​ក្មេងៗ​ធ្វើ​តាម​អាពួក​ថោកទាប»។

លោក​ វង្ស​ តារា​រតនា​ មិន​បាន​តប​ត​ខ្លាំង​ទៅ​លើ​​ពាក្យ​ជេរ​ប្រមាថ​ខាង​លើ​នោះ​ទេ​ លោក​គ្រាន់​តែ​ផុស​​​ជា​របៀប​លេង​សើច​វិញថា​ «គេ​ជេរ​ហើយ ផុស​មិន​កើត​ទៀត​ បងFBហ្អើយ​បង…?​ អយុត្តិធម៌ណាស់​…!​ ត្រង់​ពេល​គេ​ជេរ​ខ្ញុំ​ ម៉េច​ក៏​ផុស​កើត​…?…ហ៎ាបង FB»

ក្រោយ​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​សំណេរ​ខាង​លើ​បណ្ដាញ​សង្គម​ក៏​មាន​មិត្ត​សិល្បករ​ ក៏​ដូច​ជា​សាធារណជន​បាន​ចូល​មក​ហាម​ឃាត់​កុំ​ឱ្យ​គាត់​ធ្វើ​ការ​តបត​ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​ព្រួត​គ្នា​មក​វាយ​ប្រហារ​លោក​បន្ថែមទៀត​ ខណ​ៈ​សាមី​ខ្លួន​លោក​ វង្ស​ តារា​រតនា​​ក៏​បាន​យល់​ស្រប​ចំពោះ​យោបល់​ណែនាំ​ឱ្យ​លោក​នៅស្ងៀម​មិន​តប​តប​ផង​ដែរ​៕​

Telegram-Troryorng
Share.