រថយន្តកូរ៉េដឹកឥដ្ឋការ៉ូមួយគ្រឿង បើកបរមិនប្រុងប្រយ័ត្ន គេចពីរថយន្តបើកច្រាសទិស ជ្រុល ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរលើងបាក់ទ្រេតមួយដើម ដាច់ធ្លាក់អំពូលភ្លើង បែកខ្ទេច កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅតាម ផ្លូវបេតុង ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1620 ដឹកឥដ្ឋការ៉ូ បើកតាមផ្លូវបេតុងក្នុងភូមិស្រែជម្រៅ ពីកើតទៅលិច ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខបើកច្រាសទិស បែជាជ្រុល ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងបាក់ទ្រេតមួយដើម ដាច់ធ្លាក់អំពូលភ្លើងបែកខ្ទេច ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច យករថយន្តដាក់អែប កៀន ខាងសិន ជៀសវាងស្ទះចរាចរ ហើយប្រគល់ជូនផ្នែកជំនាញ ដើម្បី ចាត់វិធានការបន្ត ដោយយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.