តារា​សម្ដែង​- តារា​ចម្រៀង​ល្បី​ភេទ​ទី​៣​របស់​ថៃ​ លោក​ Aof Phongsak បាន​សម្រេច​ចាក​ចេញ​ពី​ការ​សម្ដែង​ភាពយន្ត​ភាគ​ Sitcom ​ដែល​កំពុង​បញ្ចាំង​លើ​ស្ថានីយ​ទូរទស្សន៍​ ONEHD ព្រោះ​សាមី​ខ្លួន​លោក​​បាន​ចេញ​មក​បង្ហាញ​គោលជំហរ​ផ្ទុយ​ពី​រដ្ឋា​ភិបាល​លោក​ប្រាយុទ្ធ​ ចាន់អូចា។ នៅ​ក្នុង​នោះ​លោក AOF ថែម​ទាំង​បាន​និយាយ​ទៀត​ថា​ភរិយា​ថ្នាក់​ដឹកនាំរបស់​ស្ថានីយ​មួយ​បាន​ Unfriend លោក​ព្រោះ​តែ​ការ​យល់​ឃើញ​មិន​ស្រប​គ្នា​ដែរ​ថែម​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​ការ​ Unfriend មាន​មតិ​ខ្លះ​លើក​ឡើង​ថា​រឿង​នេះ​កើត​ឡើងតាំង​ពី​ឆ្នាំ​មុន​ហេតុ​អ្វី​ទើប​តែ​លើក​យក​មក​និយាយ​? លោក​បាន​ឆ្លើយ​តប​ថា​ការ​ពិត​លោក​បាន​ស្នើ​​សុំ​ដក​ខ្លួន​ចេញ​ពី​​ការ​សម្ដែង​​តាំង​ពី​ឆ្នាំ​មុន​មិន​មែន​ទើប​តែ​សុំ​ដក​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​​អង្វរ​ពី​ក្រុម​​ការងារ​ ប៉ុន្តែ​ម្ដង​នេះ​លោក​សម្រេច​ចិត្តដាច់​ស្រេច​ហើយ​ថា​ចាក​ចេញ​។

នៅ​​ក្នុង​រឿង​ តួ​អង្គ​របស់​លោក​បាន​ចេញ​មក​លា​ មិត្ត​ភក្ដិ​របស់​ខ្លួន​ ដោយ​ហេតុផល​ថា​ តួ​អង្គ​មួយ​នេះ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​មើល​ថែ​បេះដូង​របស់​គូ​ស្នេហ៍​ខ្លួន។

ការ​ចាក​ចេញ​របស់​តារា​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដែល​ជា​អ្នក​គាំទ្រ​បាន​ចេញ​មក​រិះគន់​យ៉ាង​ខ្លាំង​ដែល​ថ្នាក់​ដឹកនាំ​ចែក​មិន​ដាច់​រវាង​រឿង​ការងារ​និង​រឿង​ផ្ទាល់​ខ្លួន​​ ដោយ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​ «​ស្រណោះ​ណាស់​ តាមដាន​រឿង​នេះ​តាំង​ពី​ដំបូង​ តួ​អង្គ​ដែល​ Aof សម្ដែង​គឺ​ជា​ពន្លឺ​សម្រាប់​រឿង​។ មិន​គួរ​ឱ្យ​ជឿ​សោះ​ថា​ ថ្នាក់​ដឹកនាំ​ប៉ុស្តិ៍​នេះ​បែងចែក​មិន​ដាច់​មួយ​ណា​រឿង​ផ្ទាល់​ខ្លួន​ មួយ​ណា​ការងារ​។ បាត់​តួ​អង្គ​ណា​ម្នាក់​ រឿង​នេះ​លែង​ល្អ​មើល​តៀត​ហើយ។​» ក្នុង​ចំណោម​ខមមិន​ដ៏​ច្រើន​លើស​លប់​ចំពោះ​ការ​សម្រេច​ចិត្ត​ដើរ​ចេញ​របស់​លោក​ មាន​ខមមិន​វិជ្ជមាន​ជា​ច្រើន​បាន​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក ខណៈ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា​លា​ហើយ​ បើ​មិន​គ្រប់​គ្នា​ក៏​មិន​មើល​រឿង​នេះ​បន្ត​ទៀត​ដែរ​៕

លោក មិន​មែន​ជា​តារា​ទីមួយ​នោះ​ទេ​ ដែល​​បាន​ចេញ​មក​បង្ហាញ​គោលជំហរ​ប្រឆាំង​ចំពោះ​​ការដឹក​នាំ​របស់​នាយករដ្ឋ​មន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា ពាក់ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​វិបត្តិ​កូវីដ​-១៩ ​ថ្មី​ៗ​នេះ​តារា​ចម្រៀង​ Rapper វ័យ​ក្មេង​របស់​ថៃ​កញ្ញា​ Milli ធ្លាប់​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​សារ​តែ​ចេញ​មក​និយាយ​ពី​បញ្ហា​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​សាមី​ខ្លួន​បាន​ចេញ​មក​ប្រកាស​ថា​ទោះ​ជា​ត្រូវ​ផាក​ពិន័យ​ក៏​កញ្ញា​នៅ​តែ​​មិន​ខ្លាច​ហើយ​នឹង​បន្ត​និយាយ​ពី​បញ្ហា​នេះ​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.